ព្រះត្រៃបិដក ភាគ ២៦
ម្នាលភិក្ខុទាំងឡាយ ភិក្ខុញុំាងករជកាយនេះឯង ឲ្យជោកជាំ ឲ្យស្កប់ស្កល់ ឲ្យពេញលេញ ឲ្យផ្សព្វផ្សាយ ដោយបីតិ និងសុខៈ ដែលកើតអំពីសេចក្តីស្ងប់ស្ងាត់ ឯកទេសបន្តិចបន្តួច នៃករជកាយទាំងអស់ របស់ភិក្ខុនោះ ដែលឈ្មោះថា មិនផ្សព្វផ្សាយ ដោយបីតិ និងសុខៈ ដែលកើតអំពីសេចក្តីស្ងប់ស្ងាត់ មិនមានឡើយ ក៏យ៉ាងនោះឯង។ កាលភិក្ខុនោះ មិនប្រមាទយ៉ាងនេះហើយ។បេ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុចម្រើនកាយគតាសតិ ដោយវិធីយ៉ាងនេះក៏បាន។
[៣០៤] ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុព្រោះរម្ងាប់វិតក្កៈ វិចារៈ។បេ។ ក៏បានចូលទុតិយជ្ឈាន។ ភិក្ខុនោះ ញុំាងករជកាយនេះឯង ឲ្យជោកជាំ ឲ្យស្កប់ស្កល់ ឲ្យពេញលេញ ឲ្យផ្សព្វផ្សាយ ដោយបីតិ និងសុខៈ ដែលកើតអំពីសមាធិ គឺបឋមជ្ឈាន ឯកទេសបន្តិចបន្តួច នៃករជកាយទាំងអស់ របស់ភិក្ខុនោះ ដែលឈ្មោះថា មិនផ្សព្វផ្សាយ ដោយបីតិ និងសុខៈ ដែលកើតអំពីសមាធិ មិនមានឡើយ។ ម្នាលភិក្ខុទាំងឡាយ ដូចជាអន្លង់ទឹកជ្រៅ មានទឹកជោរឡើង ប្រឡាយទឹកក្នុងទិសខាងកើត ក៏មិនមាន ប្រឡាយទឹក ក្នុងទិសខាងលិច ក៏មិនមាន ប្រឡាយទឹកក្នុងទិសខាងជើង ក៏មិនមាន ប្រឡាយទឹកក្នុងទិសខាងត្បូង ក៏មិនមាន។ មួយយ៉ាងទៀត ភ្លៀងបង្អុរនូវធារទឹក ស្រួលសព្វៗកាលទៅ។
ID: 636831834275694071
ទៅកាន់ទំព័រ៖