ព្រះត្រៃបិដក ភាគ ២៦
ធ្វើឲ្យរឿយៗហើយ យ៉ាងនេះ តែងប្រព្រឹត្តទៅ ដើម្បីកើតជាមួយនឹងទេវតាជាន់បរនិម្មិតវសវត្តីនោះមែន។ ម្នាលភិក្ខុទាំងឡាយ នេះផ្លូវ នេះបដិបទា ប្រព្រឹត្តទៅ ដើម្បីកើតជាមួយនឹងទេវតា ជាន់បរនិម្មិតវសវត្តីនោះ។
[៣២២] ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុប្រកបដោយសទ្ធា ប្រកបដោយសីលៈ ប្រកបដោយសុតៈ ប្រកបដោយចាគៈ ប្រកបដោយបញ្ញា។ ភិក្ខុនោះ បានឮដំណឹងថា សហស្សព្រហ្ម មានអាយុវែង មានសម្បុរល្អ ច្រើនដោយសេចក្តីសុខ។ ម្នាលភិក្ខុទាំងឡាយ សហស្សព្រហ្ម តែងផ្សាយរស្មីដឹងស្គាល់លោកធាតុមួយពាន់បាន។ ពួកសត្វណា កើតក្នុងលោកធាតុមួយពាន់នោះ សហស្សព្រហ្ម ក៏ផ្សាយរស្មីដឹងស្គាល់ពួកសត្វនោះបាន។ ម្នាលភិក្ខុទាំងឡាយ ដូចបុរសមានចក្ខុ យកផ្លែកន្ទួតព្រៃមួយ មកដាក់លើបាតដៃ ពិចារណាមើលបាន ដូចម្តេចមិញ ម្នាលភិក្ខុទាំងឡាយ សហស្សព្រហ្ម ក៏ផ្សាយរស្មីដឹងស្គាល់លោកធាតុមួយពាន់បាន ដូច្នោះដែរ។ ពួកសត្វណា កើតក្នុងលោកធាតុមួយពាន់នោះ សហស្សព្រហ្ម ក៏ផ្សាយរស្មីដឹងស្គាល់ពួកសត្វនោះបាន។
ID: 636831838985953483
ទៅកាន់ទំព័រ៖