ព្រះត្រៃបិដក ភាគ ២៦
សុទ្ធតែមានអាយុវែង មានសម្បុរល្អ ច្រើនដោយសេចក្តីសុខ។ ម្នាលភិក្ខុទាំងឡាយ បញ្ចសហស្សព្រហ្ម ផ្សាយរស្មីដឹងស្គាល់លោកធាតុ៥ពាន់បាន។ ពួកសត្វណា កើតក្នុងលោកធាតុ ៥ពាន់នោះ បញ្ចសហស្សព្រហ្ម ក៏ផ្សាយរស្មីដឹងស្គាល់ នូវពួកសត្វនោះបាន។ ម្នាលភិក្ខុទាំងឡាយ បុរសមានចក្ខុ យកផ្លែកន្ទួតព្រៃ៥ មកដាក់លើបាតដៃ ពិចារណាមើលបាន ដូចម្តេចមិញ ម្នាលភិក្ខុទាំងឡាយ បញ្ចសហស្សព្រហ្ម ក៏ផ្សាយរស្មី ដឹងស្គាល់លោកធាតុ ៥ពាន់បាន ក៏ដូច្នោះដែរ។ ពួកសត្វណា កើតក្នុងលោកធាតុ៥ពាន់នោះ បញ្ចសហស្សព្រហ្ម ក៏ផ្សាយរស្មីដឹងស្គាល់ពួកសត្វនោះបាន។ ភិក្ខុនោះ មានសេចក្តីត្រិះរិះ យ៉ាងនេះថា ឱហ្ន៎ អាត្មាអញ លុះរំលាងខន្ធ បន្ទាប់អំពីមរណៈទៅ សូមឲ្យទៅកើតជាមួយនឹងបញ្ចសហស្សព្រហ្ម។ ភិក្ខុនោះ តំកល់ចិត្តនោះ អធិដ្ឋានចិត្តនោះ ចំរើនចិត្តនោះទុក។ ធម៌ទាំង៥នោះ ឈ្មោះថា សង្ខារផង ឈ្មោះថាវិហារធម៌ផង ដែលភិក្ខុនោះ ចម្រើនហើយយ៉ាងនេះ ធ្វើឲ្យរឿយៗហើយ យ៉ាងនេះ តែងប្រព្រឹត្តទៅ ដើម្បីកើតជាមួយនឹងបញ្ចសហស្សព្រហ្មនោះមែន។ ម្នាលភិក្ខុទាំងឡាយ នេះផ្លូវ នេះបដិបទា ប្រព្រឹត្តទៅ ដើម្បីកើតក្នុងបញ្ចសហស្សព្រហ្មនោះ។
ID: 636831839471641262
ទៅកាន់ទំព័រ៖