ព្រះត្រៃបិដក ភាគ ២៦
ម្នាលភិក្ខុទាំងឡាយ ដុំមាសជម្ពូនទ ដែលកូនជាងដ៏ឆ្លៀវឆ្លាស ដុតលើចង្ក្រាន ហើយដុសខាត់រំលីង រួចដាក់ទៅលើសំពត់កម្ពលលឿង តែងភ្លឺផ្លេក ឆ្លុះ ទាំងរុងរឿង ដូចម្តេចមិញ ម្នាលភិក្ខុទាំងឡាយ សតសហស្សព្រហ្ម តែងផ្សាយរស្មី ដឹងស្គាល់លោកធាតុមួយសែនបាន ដូច្នោះដែរ។ ពួកសត្វណា កើតក្នុងមួយសែនលោកធាតុនោះ សតសហស្សព្រហ្ម ក៏ផ្សាយរស្មី ដឹងស្គាល់ពួកសត្វនោះបាន។ ភិក្ខុនោះ មានសេចក្តីត្រិះរិះ យ៉ាងនេះថា ឱហ្ន៎ អាត្មាអញ លុះរំលាងខន្ធ បន្ទាប់អំពីមរណៈទៅ សូមឲ្យទៅកើតជាមួយនឹងសតសហស្សព្រហ្ម។ ភិក្ខុនោះ តំកល់ចិត្តនោះ អធិដ្ឋានចិត្តនោះ ចំរើនចិត្តនោះទុក។ ធម៌ទាំង៥នោះ ឈ្មោះថា សង្ខារផង ឈ្មោះថាវិហារធម៌ផង ដែលភិក្ខុនោះ ចម្រើនហើយយ៉ាងនេះ ធ្វើឲ្យរឿយៗហើយ យ៉ាងនេះ តែងប្រព្រឹត្តទៅ ដើម្បីកើតក្នុងព្រហ្មលោកនោះបានមែន។ ម្នាលភិក្ខុទាំងឡាយ នេះផ្លូវ នេះបដិបទា ប្រព្រឹត្តទៅ ដើម្បីកើតក្នុងព្រហ្មលោកនោះ។
ID: 636831840189782338
ទៅកាន់ទំព័រ៖