ព្រះត្រៃបិដក ភាគ ២៦
ជាអ្នកមានចិត្តមិនរាយមាយ មានចិត្តស្ងប់ស្ងាត់ ក្នុងសន្តានរបស់ខ្លួន ធ្វើចិត្តឲ្យស្អាត ចាកឧទ្ធច្ចកុក្កុច្ចៈ លះបង់វិចិកិច្ឆា ជាអ្នកឆ្លងផុតចាកវិចិកិច្ឆាហើយ មិនមានសេចក្តីងឿងឆ្ងល់ ក្នុងកុសលធម៌ទាំងឡាយ ធ្វើចិត្តឲ្យស្អាត ចាកវិចិកិច្ឆា។
[២០] ភិក្ខុនោះ លុះលះបង់នូវនីវរណៈ ទាំង៥នេះ ដែលជា ឧបក្កិលេស របស់ចិត្ត ដែលធ្វើប្រាជ្ញា ឲ្យមានកម្លាំងថយហើយ ក៏ស្ងាត់ចាកកាមទាំងឡាយ ស្ងាត់ចាកអកុសលធម៌ទាំងឡាយ ហើយចូលកាន់បឋមជ្ឈាន ដែលប្រកបដោយវិតក្កៈ វិចារៈ មានបីតិ និងសុខៈ ដែលកើតអំពីសេចក្តីស្ងប់ស្ងាត់ ក៏សម្រាន្តនៅ ដោយឥរិយាបថ៤។ ម្នាលភិក្ខុទាំងឡាយ សេចក្តីប្រឹងប្រែងមានផល សេចក្តីព្យាយាម មានផល យ៉ាងនេះឯង។
[២១] ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុរម្ងាប់នូវវិតក្កៈ និងវិចារៈ ហើយក៏ចូលកាន់ទុតិយជ្ឈាន ជាធម្មជាតកើតមាន ក្នុងសន្តាននៃខ្លួន ប្រកបដោយសេចក្តីជ្រះថ្លា គឺសទ្ធា មានសភាពជាចិត្តខ្ពស់ឯក
ID: 636831629035725016
ទៅកាន់ទំព័រ៖