ព្រះត្រៃបិដក ភាគ ២៦
មិនមានវិតក្កៈ មិនមានវិចារៈ មានតែបីតិ និងសុខៈ ដែលកើតអំពីសមាធិ គឺបឋមជ្ឈាន ក៏សម្រាន្តនៅ ដោយឥរិយាបថ៤។ ម្នាលភិក្ខុទាំងឡាយ សេចក្តីប្រឹងប្រែងមានផល សេចក្តីព្យាយាមមានផល យ៉ាងនេះឯង។
[២២] ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុនឿយណាយ ចាកបីតិផង ជាអ្នកប្រកបដោយឧបេក្ខាផង មានសតិ សម្បជញ្ញៈ ទទួលសុខ ដោយនាមកាយផង ក៏ចូលកាន់តតិយជ្ឈាន ដែលព្រះអរិយៈទាំងឡាយ តែងសរសើរថា បុគ្គល ដែលបានតតិយជ្ឈាន មានចិត្តប្រកបដោយឧបេក្ខា មានស្មារតីនៅជាសុខ ដូច្នេះ ក៏សម្រាន្តនៅ ដោយឥរិយាបថ ៤។ ម្នាលភិក្ខុទាំងឡាយ សេចក្តីប្រឹងប្រែងមានផល សេចក្តីព្យាយាមមានផល យ៉ាងនេះឯង។
[២៣] ម្នាលភិក្ខុទាំងឡាយ មួយវិញទៀត ភិក្ខុលះបង់នូវសុខផង លះបង់នូវទុក្ខផង អស់សោមនស្ស និងទោមនស្ស ក្នុងកាលមុនផង ក៏ចូលកាន់ចតុត្ថជ្ឈាន ជាធម្មជាត មានអារម្មណ៍មិនមែនទុក្ខ មិនមែនជាសុខ គឺឧបេក្ខា មានសតិដ៏បរិសុទ្ធ ដោយឧបេក្ខា ក៏សម្រាន្តនៅ ដោយឥរិយាបថ ៤។ ម្នាលភិក្ខុទាំងឡាយ សេចក្តីប្រឹងប្រែងមានផល សេចក្តីព្យាយាមមានផល យ៉ាងនេះឯង។
ID: 636831629332712003
ទៅកាន់ទំព័រ៖