ព្រះត្រៃបិដក ភាគ ២៦
ប្រកបដោយមនោទុច្ចរិត ជាអ្នកតិះដៀលពួកព្រះអរិយៈ ជាមិច្ឆាទិដ្ឋិ ប្រកាន់អំពើជាមិច្ឆាទិដ្ឋិ សត្វទាំងនោះ លុះបែកធ្លាយរាងកាយ ស្លាប់ទៅ ក៏ទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត នរក មួយទៀត សត្វអម្បាលនេះ ប្រកបដោយកាយសុចរិត ប្រកបដោយវចីសុចរិត ប្រកបដោយមនោសុចរិត ជាអ្នកមិនតិះដៀលពួកព្រះអរិយៈ ជាសម្មាទិដ្ឋិ ប្រកាន់អំពើជាសម្មាទិដ្ឋិ សត្វទាំងនោះ លុះបែកធ្លាយរាងកាយ ស្លាប់ទៅ ក៏ទៅកើតក្នុងសុគតិ សួគ៌ ទេវលោក។ ភិក្ខុនោះ មានចក្ខុដូចជាទិព្វ បរិសុទ្ធ កន្លងបង់ចក្ខុជារបស់មនុស្សធម្មតា រមែងឃើញពួកសត្វ ដែលច្យុត ដែលកើត ជាសត្វថោកទាប ខ្ពង់ខ្ពស់ មានសម្បុរល្អ មានសម្បុរអាក្រក់ មានគតិល្អ មានគតិអាក្រក់ ដឹងច្បាស់នូវពួកសត្វ ដែលប្រព្រឹត្តទៅ តាមកម្មរបស់ខ្លួន ដោយប្រការដូច្នេះ។ ម្នាលភិក្ខុទាំងឡាយ សេចក្តីប្រឹងប្រែងមានផល សេចក្តីព្យាយាមមានផល យ៉ាងនេះឯង។
[២៦] ភិក្ខុនោះ កាលបើមានចិត្តខ្ជាប់ខ្ជួន បរិសុទ្ធ ផូរផង់ មិនមានទីទួល គឺកិលេស ប្រាសចាកឧបក្កិលេស ជាចិត្តទន់ គួរដល់ភាវនាកម្ម ជាចិត្តនឹងធឹង មិនញាប់ញ័រ ទៅតាមអារម្មណ៍ យ៉ាងនេះហើយ ក៏តម្រង់ ផ្ចង់បង្អោនចិត្តទៅ ដើម្បីអាសវក្ខយញ្ញាណ។ ភិក្ខុនោះ
ID: 636831630135557923
ទៅកាន់ទំព័រ៖