ព្រះត្រៃបិដក ភាគ ២៦
ម្នាលភិក្ខុទាំងឡាយ តថាគត ដឹងច្បាស់នូវដំណើរនុ៎ះថា ពួកសមណព្រាហ្មណ៍ ដ៏ចម្រើនណា បញ្ញត្តនូវសេចក្តីដាច់សូន្យ នូវសេចក្តីវិនាស នូវការមិនកើតឡើងទៀត របស់សត្វដែលមាននៅ សមណព្រាហ្មណ៍ទាំងនោះ ជាអ្នកមានភ័យ ព្រោះសក្កាយ
(១) ខ្ពើមរអើមសក្កាយ តែងស្ទុះត្រឡប់ទៅរកសក្កាយវិញដដែល។ សុនខ ជាប់ចំណងដងដោយ
(២) ដែលគេចងភ្ជាប់នឹងសសរ ឬនឹងបង្គោល តែងស្ទុះវិលជុំវិញសសរ ឬបង្គោលនោះឯង សេចក្តីនេះ មានឧបមាយ៉ាងណា សមណព្រាហ្មណ៍ ដ៏ចម្រើនទាំងនេះ ជាអ្នកមានភ័យ ព្រោះសក្កាយ ខ្ពើមរអើមសក្កាយ តែងស្ទុះត្រឡប់ទៅរកសក្កាយវិញដដែល ក៏មានឧបមេយ្យ យ៉ាងនោះឯង។ ទិដ្ឋិនោះ ជាសង្ខតធម៌ ដ៏គ្រោតគ្រាត ចំណែកខាងការរលត់ទៅ នៃសង្ខារទាំងឡាយមានពិត ព្រះនិព្វាននុ៎ះ ក៏មានពិត លុះព្រះតថាគត ដឹងច្បាស់ ដូច្នេះហើយ ជាអ្នកឃើញ នូវការរលាស់ចេញ នូវសង្ខតធម៌នោះ កន្លងនូវសង្ខតធម៌នោះ។
(១) ពាក្យថា សក្កាយ សំដៅយកវដ្តៈ ប្រព្រឹត្តទៅក្នុងភូមិ៣។ អដ្ឋកថា។ (២) ចំណងនេះ គេយកឈើ ឬឫស្សីចងបន្តពីកឆ្កែកាច ទៅភ្ជាប់នឹងបង្គោល ឬសសរ កុំឲ្យវាខាំដាច់ អ្នកស្រុកខ្លះ ហៅដងដោយ ខ្លះហៅឈើបង្ខាំង។
ID: 636831692470943303
ទៅកាន់ទំព័រ៖