ព្រះត្រៃបិដក ភាគ ២៦
[៣៥] ម្នាលភិក្ខុទាំងឡាយ បណ្តាសមណព្រាហ្មណ៍ទាំងនោះ ពួកសមណព្រាហ្មណ៍ណា ជាអ្នកនិយាយយ៉ាងនេះ យល់ឃើញយ៉ាងនេះថា អត្តាក្តី លោកក្តី ជាសភាវៈទៀង ការយល់ឃើញនេះឯង ត្រូវពិត ការយល់ឃើញដទៃ ជាមោឃៈ សមណព្រាហ្មណ៍ទាំងនោះ បើវៀរចាកសទ្ធា គឺការជឿ វៀរចាករុចិ គឺសេចក្តីគាប់ចិត្ត វៀរចាកអនុស្សវៈ គឺការឮតៗគ្នា វៀរចាកអាការបរិវិតក្កៈ គឺសេចក្តីត្រិះរិះតាមអាការ វៀរចាកទិដ្ឋិនិជ្ឈានក្ខន្តិ គឺការពេញចិត្ត ថាត្រូវគ្នា នឹងលទ្ធិរបស់ខ្លួន (នោះ) ញាណ នឹងបរិសុទ្ធផូរផង់ ប្រាកដ ពាក្យដូច្នេះនេះ មិនសមហេតុឡើយ។ ម្នាលភិក្ខុទាំងឡាយ ក៏កាលបើញាណបរិសុទ្ធផូរផង់ ប្រាកដមិនមានហើយ សមណព្រាហ្មណ៍ ដ៏ចម្រើនទាំងនោះ ញុំាងចំណែក នៃញាណប៉ុណ្ណោះឯង ឲ្យផូរផង់ក្នុងទិដ្ឋិនោះ ដោយហេតុណា ហេតុនោះឯង តថាគតពោលថា ជាឧបាទាន របស់សមណព្រាហ្មណ៍ ដ៏ចម្រើនទាំងនោះ។ ទិដ្ឋិនោះ ជាសង្ខតធម៌ ដ៏គ្រោតគ្រាតនៅឡើយ ចំណែកខាងការរលត់សង្ខារទាំងឡាយមានពិត ព្រះនិព្វាន ក៏មានពិត លុះព្រះតថាគត ដឹងច្បាស់ដូច្នេះហើយ ជាអ្នកឃើញ នូវការរលាស់ចេញ នូវទិដ្ឋិនោះ កន្លងនូវទិដ្ឋិនោះ។
ID: 636831693354363832
ទៅកាន់ទំព័រ៖