ព្រះត្រៃបិដក ភាគ ២៦
វៀរចាកការឮតៗគ្នា វៀរចាកការត្រិះរិះតាមអាការ វៀរចាកការពេញចិត្តថា ត្រូវគ្នានឹងលទ្ធិរបស់ខ្លួន (នោះ) ញាណនឹងបរិសុទ្ធ ផូរផង់ប្រាកដ ពាក្យដូច្នេះនេះ មិនសមហេតុឡើយ។ ម្នាលភិក្ខុទាំងឡាយ កាលបើញាណបរិសុទ្ធផូរផង់ ប្រាកដមិនមានហើយ សមណព្រាហ្មណ៍ដ៏ចម្រើនទាំងនោះ ញុំាងចំណែកនៃញាណប៉ុណ្ណោះឯង ឲ្យផូរផង់ក្នុងទិដ្ឋិនោះ ដោយហេតុណា ហេតុនោះឯង តថាគតពោលថា ជាឧបាទាន របស់សមណព្រាហ្មណ៍ ដ៏ចម្រើនទាំងនោះ។ ទិដ្ឋិនោះ ជាសង្ខតធម៌ ដ៏គ្រោតគ្រាតនៅឡើយ ចំណែកខាងការរលត់សង្ខារទាំងឡាយ មានពិត ព្រះនិព្វានក៏មានពិត លុះព្រះតថាគត ដឹងច្បាស់ដូច្នេះហើយ ជាអ្នកឃើញ នូវការរលាស់នូវទិដ្ឋិនោះ កន្លងនូវទិដ្ឋិនោះ។
[៣៧] ម្នាលភិក្ខុទាំងឡាយ សមណៈ ឬព្រាហ្មណ៍ពួកខ្លះ ក្នុងលោកនេះ ព្រោះលះបង់ នូវបុព្វន្តានុទិដ្ឋិ គឺសេចក្តីយល់ឃើញ នូវខន្ធជាចំណែកខាងដើមផង លះបង់នូវ អបរន្តានុទិដ្ឋិ គឺសេចក្តីយល់ឃើញនូវខន្ធ ជាចំណែកខាងមុខផង ទាំងមិនអធិដ្ឋានទុក នូវកាមសញ្ញោជនៈ ដោយសព្វគ្រប់ រមែងបានបីតិ ដែលស្ងប់ស្ងាត់ហើយ ក៏គិតថា អាត្មាអញ បានបីតិ ដ៏ស្ងប់ស្ងាត់ ដែលជាគុណជាតស្ងប់រម្ងាប់ ជាគុណជាតថ្លៃថ្លា។
ID: 636831693847372031
ទៅកាន់ទំព័រ៖