ព្រះត្រៃបិដក ភាគ ២៦
បីតិដ៏ស្ងប់ស្ងាត់ ក៏កើតឡើង។ ទិដ្ឋិនោះ ជាសង្ខតធម៌ ដ៏គ្រោតគ្រាតនៅឡើយ ចំណែកខាងការរលត់សង្ខារទាំងឡាយ មានពិត ព្រះនិព្វាន ក៏មានពិត លុះព្រះតថាគត ដឹងច្បាស់ដូច្នេះហើយ ជាអ្នកឃើញនូវការរលាស់ចេញ នូវទិដ្ឋិនោះ កន្លងនូវទិដ្ឋិនោះ។
[៣៨] ម្នាលភិក្ខុទាំងឡាយ សមណៈ ឬព្រាហ្មណ៍ពួកខ្លះ ក្នុងលោកនេះ ព្រោះលះបង់ នូវបុព្វន្តានុទិដ្ឋិផង លះបង់នូវ អបរន្តានុទិដ្ឋិផង ទាំងមិនអធិដ្ឋានទុក នូវកាមសញ្ញោជនៈ ដោយសព្វគ្រប់ កន្លងនូវបីតិ ដ៏ស្ងប់ស្ងាត់ ក៏បាននូវ និរាមិសសុខ គឺសេចក្តីសុខមិនមានអាមិសៈ ហើយគិតថា អាត្មាអញ បាននូវនិរាមិសសុខ ដែលជាគុណជាតដ៏ស្ងប់រម្ងាប់ ជាគុណជាតដ៏ថ្លៃថ្លា។ និរាមិសសុខ របស់សមណព្រាហ្មណ៍នោះ រមែងរលត់ លុះនិរាមិសសុខរលត់ បីតិដ៏ស្ងប់ស្ងាត់ ក៏កើតឡើង លុះបីតិ ដ៏ស្ងប់ស្ងាត់រលត់ និរាមិសសុខ ក៏កើតឡើង។
ID: 636831694343240393
ទៅកាន់ទំព័រ៖