ព្រះត្រៃបិដក ភាគ ២៦
[៤០] ម្នាលភិក្ខុទាំងឡាយ សមណៈ ឬព្រាហ្មណ៍ពួកខ្លះ ក្នុងលោកនេះ ព្រោះលះបង់ នូវបុព្វន្តានុទិដ្ឋិផង លះបង់នូវអបរន្តានុទិដ្ឋិផង ទាំងមិនអធិដ្ឋានទុក នូវកាមសញ្ញោជនៈ ដោយសព្វគ្រប់ កន្លងនូវបីតិដ៏ស្ងប់ស្ងាត់ កន្លងនូវនិរាមិសសុខ កន្លងនូវអទុក្ខមសុខវេទនា ក៏ពិចារណាឃើញថា អាត្មាអញ ជាអ្នកស្ងប់រម្ងាប់ អាត្មាអញ ជាអ្នករលត់ទុក្ខ អាត្មាអញ ជាអ្នកមិនមានសេចក្តីប្រកាន់ (ក្នុងបញ្ចក្ខន្ធ)។ ម្នាលភិក្ខុទាំងឡាយ ព្រះតថាគត ដឹងច្បាស់ នូវដំណើរនោះថា សមណៈ ឬព្រាហ្មណ៍ ដ៏ចម្រើននេះ ព្រោះលះបង់ នូវបុព្វន្តានុទិដ្ឋិផង លះបង់នូវអបរន្តានុទិដ្ឋិផង ទាំងមិនអធិដ្ឋានទុក នូវកាមសញ្ញោជនៈ ដោយសព្វគ្រប់ កន្លងនូវបីតិដ៏ស្ងប់ស្ងាត់ កន្លងនូវនិរាមិសសុខ កន្លងនូវអទុក្ខមសុខវេទនា ក៏ពិចារណាឃើញថា អាត្មាអញ ជាអ្នកស្ងប់រម្ងាប់ អាត្មាអញ ជាអ្នករលត់ទុក្ខ អាត្មាអញ ជាអ្នកមិនមានសេចក្តីប្រកាន់។ សមណព្រាហ្មណ៍ ដ៏មានអាយុនេះ តែងពោលសរសើរ នូវបដិបទា ជាទីសប្បាយ នៃព្រះនិព្វាន ដោយពិត
ID: 636831695239651664
ទៅកាន់ទំព័រ៖