ព្រះត្រៃបិដក ភាគ ២៦
កិន្តិសូត្រ ទី៣
[៤២] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់ក្នុងដងព្រៃ ជាទីនាំមកនូវពលិការ (ចំពោះភូត) ជិតក្រុងកុសិនារា។ ក្នុងទីនោះឯង ព្រះមានព្រះភាគ បានត្រាស់ហៅភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ។ ភិក្ខុអម្បាលនោះ ទទួលព្រះពុទ្ធដីកាព្រះមានព្រះភាគថា ព្រះករុណាព្រះអង្គ។ ព្រះមានព្រះភាគ បានត្រាស់សួរ ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ធ្លាប់មានសេចក្តីត្រិះរិះ ចំពោះតថាគតថា ព្រះសមណគោតម សំដែងធម៌ ព្រោះហេតុចីវរខ្លះ ព្រះសមណគោតម សំដែងធម៌ ព្រោះហេតុបិណ្ឌបាតខ្លះ ព្រះសមណគោតម សំដែងធម៌ ព្រោះហេតុសេនាសនៈខ្លះ ព្រះសមណគោតម សំដែងធម៌ ព្រោះហេតុភពតូច ភពធំខ្លះ ដូច្នេះដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គទាំងឡាយ ពុំដែលមានសេចក្តីត្រិះរិះ ចំពោះព្រះមានព្រះភាគថា ព្រះសមណគោតម សំដែងធម៌ ព្រោះហេតុចីវរខ្លះ ព្រះសមណគោតម សំដែងធម៌ ព្រោះហេតុបិណ្ឌបាតខ្លះ ព្រះសមណគោតម សំដែងធម៌ ព្រោះហេតុសេនាសនៈខ្លះ ព្រះសមណគោតម សំដែងធម៌ ព្រោះហេតុភពតូច ភពធំខ្លះ ដូច្នេះឡើយ។
ID: 636831695982734166
ទៅកាន់ទំព័រ៖