ព្រះត្រៃបិដក ភាគ ២៦
ទាំងអាត្មាអញ ក៏អាចញុំាងបុគ្គលនុ៎ះ ឲ្យចេញចាកអកុសលធម៌ ឲ្យតាំងនៅក្នុងកុសលធម៌បាន ឯសេចក្តីអាក់អន់ របស់បុគ្គលដទៃនុ៎ះ គ្រាន់តែជាការបន្តិចបន្តួច ទោះបីត្រឡប់ទៅជាធំដុំវិញ អាត្មាអញនោះ ក៏អាចឲ្យបុគ្គលនុ៎ះ ចេញចាកអកុសលធម៌ ឲ្យតាំងនៅក្នុងកុសលធម៌បាន។ ម្នាលភិក្ខុទាំងឡាយ បើអ្នកទាំងឡាយ ពិនិត្យឃើញយ៉ាងនេះ ទើបគួរនិយាយ។ ម្នាលភិក្ខុទាំងឡាយ តែបើអ្នកទាំងឡាយ ពិនិត្យឃើញ យ៉ាងនេះវិញថា អាត្មាអញ នឹងមានសេចក្តីលំបាក បុគ្គលដទៃ មិនមានសេចក្តីអាក់អន់ ព្រោះថា បុគ្គលដទៃ ជាអ្នកមិនក្រោធ ជាអ្នកមិនចងពៀរ ជាអ្នកមិនមានទិដ្ឋិមាំ ជាអ្នកលះបង់បានងាយ ទាំងអាត្មាអញ ក៏អាចញុំាងបុគ្គលនុ៎ះ ឲ្យចេញចាកអកុសលធម៌ ឲ្យតាំងនៅក្នុងកុសលធម៌បាន ឯសេចក្តីលំបាក របស់អាត្មាអញនុ៎ះ គ្រាន់តែជាការបន្តិចបន្តួច ទោះបីត្រឡប់ទៅជាការធំដុំវិញ អាត្មាអញ ក៏អាចញុំាងបុគ្គលនុ៎ះ ឲ្យចេញចាកអកុសលធម៌ ឲ្យតាំងនៅក្នុងកុសលធម៌បាន។ ម្នាលភិក្ខុទាំងឡាយ បើអ្នកទាំងឡាយ ពិនិត្យឃើញយ៉ាងនេះ ទើបគួរនិយាយ។
ID: 636831698198180883
ទៅកាន់ទំព័រ៖