ព្រះត្រៃបិដក ភាគ ២៦
គប្បីពោលយ៉ាងនេះថា ម្នាលអាវុសោ យើងទាំងឡាយ ជាអ្នកព្រមព្រៀងគ្នា មិនវិវាទគ្នា រីករាយរកគ្នា កំពុងសិក្សា តែវចីសង្ខារ ការលើកខ្លួន ដោយទិដ្ឋិ ការបៀតបៀនគ្នា ដោយចិត្ត ការមិនត្រេកអរ ការមិនមានសេចក្តីពេញចិត្ត កើតឡើង ដល់គ្នានឹងគ្នា កាលបើសមណៈជ្រាបហេតុនោះ គប្បីតិះដៀលបាន។ ម្នាលអាវុសោ ភិក្ខុបើមិនលះបង់ធម៌នុ៎ះទេ នឹងធ្វើឲ្យជាក់ច្បាស់ នូវព្រះនិព្វានដូចម្តេចបាន។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុកាលនឹងពោលដោយប្រពៃ គប្បីពោលយ៉ាងនេះថា ម្នាលអាវុសោ ភិក្ខុ បើមិនលះបង់ធម៌នុ៎ះទេ នឹងមិនធ្វើឲ្យជាក់ច្បាស់ នូវព្រះនិព្វានបានទេ។ ម្នាលភិក្ខុទាំងឡាយ បើមានភិក្ខុពួកដទៃ សួរភិក្ខុនោះ យ៉ាងនេះថា លោកដ៏មានអាយុ មិនបានធ្វើភិក្ខុទាំងនេះ ឲ្យចេញចាកអកុសលធម៌ ឲ្យតាំងនៅក្នុងកុសលធម៌ ទេឬ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុ កាលនឹងពោលដោយប្រពៃ គប្បីពោលយ៉ាងនេះថា ម្នាលអាវុសោ ក្នុងទីនេះ ខ្ញុំបានចូលទៅគាល់ព្រះមានព្រះភាគ ព្រះមានព្រះភាគ ទ្រង់សំដែងធម៌ ដល់ខ្ញុំ ខ្ញុំបានស្តាប់ធម៌ព្រះអង្គ ហើយបានសំដែងប្រាប់ភិក្ខុទាំងនោះ ភិក្ខុទាំងនោះ ក៏បានស្តាប់ធម៌នោះ
ID: 636831699083311509
ទៅកាន់ទំព័រ៖