ព្រះត្រៃបិដក ភាគ ២៦
[៦៩] ម្នាលសុនក្ខត្ត ពួកភិក្ខុ ដែលប្រកាសអរហត្តផល ក្នុងសំណាក់តថាគតថា ខ្ញុំព្រះអង្គទាំងឡាយ ដឹងច្បាស់ថា ជាតិអស់ហើយ ព្រហ្មចរិយធម៌ ខ្ញុំព្រះអង្គទាំងឡាយនៅចប់ហើយ កិច្ចដែលគួរធ្វើ ក៏ពួកខ្ញុំព្រះអង្គ បានធ្វើស្រេចហើយ កិច្ចដទៃ ក្រៅពីនេះ មិនមានទៀតទេ នោះ ភិក្ខុខ្លះ ក្នុងទីនុ៎ះ ប្រកាសអរហត្តផល ដោយប្រពៃមែនក៏មាន ភិក្ខុពួកខ្លះក្នុងទីនុ៎ះ ប្រកាសអរហត្តផល ដោយការស្មានក៏មាន។ ម្នាលសុនក្ខត្ត បណ្តាភិក្ខុអម្បាលនោះ ភិក្ខុពួកណា ប្រកាសអរហត្តផលដោយប្រពៃ ការប្រកាសនោះ របស់ភិក្ខុពួកនោះ លើកទុកមួយអន្លើចុះ។ តែចំណែកខាងភិក្ខុពួកណា ប្រកាសអរហត្តផល ដោយការស្មាន ម្នាលសុនក្ខត្ត ក្នុងរឿងនេះ តថាគត មានសេចក្តីត្រិះរិះ យ៉ាងនេះថា តថាគត នឹងសំដែងធម៌ ដល់ភិក្ខុពួកនោះ។ ម្នាលសុនក្ខត្ត តថាគត មានសេចក្តីត្រិះរិះ ក្នុងហេតុនុ៎ះ យ៉ាងនេះថា តថាគត នឹងសំដែងធម៌ ដល់ភិក្ខុពួកនោះ ដោយឧបាយដូចតទៅនេះ។ កាលបើភិក្ខុពួកខ្លះ ជាមោឃបុរស ក្នុងទីនេះ តាក់តែងសម្រឹតសម្រាំង នូវបញ្ហា ចូលមកសួរតថាគត ម្នាលសុនក្ខត្ត ក្នុងរឿងនោះ តថាគត មានសេចក្តីត្រិះរិះ យ៉ាងនេះថា តថាគត នឹងសំដែងធម៌ ដល់ភិក្ខុទាំងនោះ ដោយប្រការដទៃ (អំពីបញ្ហារបស់ភិក្ខុទាំងនោះ)។
ID: 636831705399942800
ទៅកាន់ទំព័រ៖