ព្រះត្រៃបិដក ភាគ ២៦
និព្វាននោះផង បុរសបុគ្គលនោះ រមែងត្រិះរិះរឿយៗ ពិចារណារឿយៗ នូវហេតុដែលប្រព្រឹត្តទៅ តាមព្រះនិព្វាននោះផង គប់រកនូវបុរសបែបនោះផង តែងដល់នូវសេចក្តីគោរព ទៅរកបុរសបែបនោះផង ទោះបីសំដី ដែលគេនិយាយ ប្រកបដោយនេវសញ្ញានាសញ្ញាយតនសមាបត្តិ ក៏បុរសបុគ្គលនោះ មិនចង់ស្តាប់ផង មិនផ្ចង់ត្រចៀកផង មិនតំកល់ចិត្តដើម្បីដឹងផង មិនគប់រកនូវបុរសបែបនោះផង មិនដល់នូវសេចក្តីគោរព ទៅរកបុរសបែបនោះផង។ ម្នាលសុនក្ខត្ត ដើមត្នោតកំបុតចុង មិនគួរដើម្បីដុះលូតលាស់ឡើងបាន យ៉ាងណាមិញ ម្នាលសុនក្ខត្ត បុរសបុគ្គល ដែលមានអធ្យាស្រ័យឱនទៅរកព្រះនិព្វាន ដោយប្រពៃ រមែងផ្តាច់ផ្តិល នូវការប្រកប ក្នុងនេវសញ្ញានាសញ្ញាយតនសមាបត្តិ ឲ្យអស់រលីង ដូចជាដើមត្នោត ដែលគេក្របែល គាស់រំលើងឲ្យលែងដុះតទៅទៀតហើយ បានធ្វើឲ្យលែងមានបែបភាពតទៅទៀតហើយ ឲ្យជាធម៌លែងមានកំណើត តទៅមុខទៀតហើយ ក៏យ៉ាងនោះឯង។ បុរសបុគ្គលនោះ បណ្ឌិតគប្បីដឹងថា ជាអ្នកមានអធ្យាស្រ័យឱនទៅរកព្រះនិព្វាន ដោយប្រពៃ ប្រាសចាកការប្រកបដោយនេវសញ្ញានាសញ្ញាយតនសមាបត្តិហើយ ដោយប្រការដូច្នេះ។
ID: 636831707610689247
ទៅកាន់ទំព័រ៖