ព្រះត្រៃបិដក ភាគ ២៦
[១០៩] បពិត្រព្រះអានន្ទដ៏ចំរើន ក្នុងកាលឥឡូវនេះ លោកម្ចាស់ទាំងឡាយ គប្បីប្រតិបត្តិតាមបុគ្គលណា បុគ្គលនោះ សូម្បីជាភិក្ខុមួយរូប ដែលសង្ឃបានសន្មតហើយ ឬដែលពួកភិក្ខុជាថេរៈច្រើនអង្គ បានតាំងទុកហើយថា ភិក្ខុនេះ អំណឹះអំពីព្រះមានព្រះភាគទៅ នឹងបានជាទីពឹង នៃយើងទាំងឡាយ ដូច្នេះ មានដែរឬទេ។ ម្នាលព្រាហ្មណ៍ ក្នុងកាលឥឡូវនេះ យើងទាំងឡាយ គប្បីប្រតិបត្តិតាមបុគ្គលណា បុគ្គលនោះ សូម្បីជាភិក្ខុមួយរូប ដែលសង្ឃបានសន្មតហើយ ឬដែលពួកភិក្ខុជាថេរៈច្រើនអង្គ បានតាំងទុកហើយថា ភិក្ខុនេះ អំណឹះអំពីព្រះមានព្រះភាគទៅ នឹងបានជាទីពឹង នៃយើងទាំងឡាយ ដូច្នេះ មិនមានទេ។ បពិត្រព្រះអានន្ទដ៏ចំរើន កាលបើមិនមានទីពឹងយ៉ាងនេះហើយ ចុះធម៌ដូចម្តេច ដែលជាហេតុនាំឲ្យកើតធម៌សាមគ្គីបាន។ ម្នាលព្រាហ្មណ៍ យើងទាំងឡាយ មិនមែនជាឥតទីពឹងទេ ម្នាលព្រាហ្មណ៍ យើងទាំងឡាយ ប្រកបដោយទីពឹង គឺមានធម៌ជាទីពឹង។
ID: 636831768557965232
ទៅកាន់ទំព័រ៖