ព្រះត្រៃបិដក ភាគ ២៦
លោកម្ចាស់ឆ្លើយថា ម្នាលព្រាហ្មណ៍ ក្នុងកាលឥឡូវនេះ យើងទាំងឡាយ គប្បីប្រតិបត្តិតាមបុគ្គលណា បុគ្គលនោះ សូម្បីជាភិក្ខុមួយរូប ដែលសង្ឃបានសន្មតហើយ ឬដែលពួកភិក្ខុជាថេរៈច្រើនអង្គ បានតាំងទុកហើយថា ភិក្ខុនេះ អំណឹះអំពីព្រះមានព្រះភាគទៅ នឹងបានជាទីពឹង នៃយើងទាំងឡាយ ដូច្នេះ មិនមានទេ។ កាលខ្ញុំសួរថា បពិត្រព្រះអានន្ទដ៏ចំរើន កាលបើមិនមានទីពឹងយ៉ាងនេះហើយ ចុះធម៌ដូចម្តេច ដែលជាហេតុនាំឲ្យកើតធម៌សាមគ្គីបាន លោកម្ចាស់ឆ្លើយថា ម្នាលព្រាហ្មណ៍ យើងទាំងឡាយ មិនមែនជាឥតទីពឹងទេ ម្នាលព្រាហ្មណ៍ យើងទាំងឡាយ ប្រកបដោយទីពឹង គឺមានធម៌ជាទីពឹង។ បពិត្រព្រះអានន្ទដ៏ចំរើន សេចក្តីនៃភាសិតនេះ ត្រូវយល់ដូចម្តេច។
[១១១] ម្នាលព្រាហ្មណ៍ ព្រះមានព្រះភាគ អង្គនោះ ជាអរហន្ត សម្មាសម្ពុទ្ធ ទ្រង់ជ្រាបច្បាស់ ឃើញច្បាស់ បានបញ្ញត្តសិក្ខាបទទុកហើយ បានសំដែងបាតិមោក្ខ ដល់ភិក្ខុទាំងឡាយរួចហើយ យើងទាំងឡាយនោះ មានប៉ុន្មានរូប ក៏ចូលទៅអាស្រ័យនៅនឹងគាមក្ខេត្តមួយ ប្រជុំគ្នាទាំងអស់ ក្នុងកន្លែងមួយ នាថ្ងៃឧបោសថ លុះប្រជុំគ្នាហើយ ភិក្ខុណា ចាំស្ទាត់នូវបាតិមោក្ខនោះ ក៏នាំគ្នាអារាធនាភិក្ខុនោះ (ឲ្យសូត្រ)
ID: 636831769085405400
ទៅកាន់ទំព័រ៖