ព្រះត្រៃបិដក ភាគ ២៦
[១១៩] លំដាប់នោះ គោបកមោគ្គល្លានព្រាហ្មណ៍ កាលដែលវស្សការព្រាហ្មណ៍ ជាមហាមាត្យ ក្នុងដែនមគធៈ ចៀសចេញទៅមិនយូរប៉ុន្មាន ក៏ពោលទៅព្រះអានន្ទមានអាយុ ដូច្នេះថា យើងបានសួរព្រះអានន្ទដ៏ចំរើន ចំពោះរឿយណា ព្រះអានន្ទដ៏ចម្រើន មិនទាន់ដោះស្រាយរឿងនោះឡើយ។ ព្រះអានន្ទតបថា ម្នាលព្រាហ្មណ៍ ព្រះមានព្រះភាគ ជាអរហន្ត សម្មាសម្ពុទ្ធ អង្គនោះ ប្រកបហើយដោយធម៌ទាំងឡាយណា ភិក្ខុសូម្បីមួយរូប ដែលប្រកបហើយ ដោយធម៌ទាំងឡាយនោះ ដោយអាការទាំងពួង ដោយប្រការទាំងពួង មិនមានទេ ម្នាលព្រាហ្មណ៍ ព្រោះថា ព្រះមានព្រះភាគ អង្គនោះ ជាអ្នកបង្កើតផ្លូវ ដែលមិនទាន់កើតឡើង ជាអ្នករៀបចំផ្លូវ ដែលមិនទាន់រៀបចំ ជាអ្នកប្រាប់ផ្លូវ ដែលគេមិនដែលប្រាប់ ជាអ្នកស្គាល់ផ្លូវ ដឹងផ្លូវ ឈ្លាសវៃក្នុងផ្លូវ ពួកសាវ័ក ក្នុងកាលឥឡូវនេះ គ្រាន់តែជាអ្នកដើរតាមផ្លូវ ប្រកបតាមក្រោយប៉ុណ្ណោះទេតើ។
ចប់ គោបកមោគ្គល្លានសូត្រ ទី៨។
ID: 636831772685521315
ទៅកាន់ទំព័រ៖