ព្រះត្រៃបិដក ភាគ ២៦
[១៥៥] ម្នាលភិក្ខុទាំងឡាយ ក្នុងទីនេះ សារីបុត្រស្ងាត់ចាកកាមទាំងឡាយ ស្ងាត់ចាកអកុសលធម៌ទាំងឡាយ ហើយចូលបឋមជ្ឈាន មានវិតក្កៈ វិចារៈ បីតិ និងសុខៈ ដែលកើតអំពីវិវេក។ ធម៌ទាំងឡាយ គឺវិតក្កៈ វិចារៈ បីតិ សុខៈ ចិត្តេកគ្គតា ផស្សៈ វេទនា សញ្ញា ចេតនា វិញ្ញាណ ឆន្ទៈ អធិមោក្ខៈ វីរិយៈ សតិ ឧបេក្ខា និមនសិការៈណា ដែលមានក្នុងបឋមជ្ឈាន ធម៌ទាំងនោះ សារីបុត្រ បានកំណត់តាមលំដាប់ហើយ ធម៌ទាំងនោះ ដែលសារីបុត្រដឹងច្បាស់ ក៏កើតឡើង ដឹងច្បាស់ក៏តាំងនៅ ដឹងច្បាស់ ក៏ដល់នូវកិរិយារលត់។ សារីបុត្រនោះ ដឹងច្បាស់យ៉ាងនេះថា ធម៌ទាំងនេះមិនដែលមាន ត្រឡប់ជាមាន មានហើយ ត្រឡប់ជាគ្មានវិញ យ៉ាងនេះ។ សារីបុត្រនោះ មិនលុះក្នុងធម៌ទាំងនោះ (ដោយអំណាចរាគៈ) មិនលិចលង់ក្នុងធម៌ទាំងនោះ (ដោយបដិឃៈ) មិនអាស្រ័យក្នុងធម៌ទាំងនោះ (ដោយតណ្ហានិស្ស័យ និងទិដ្ឋិនិស្ស័យ) មិនជាប់ក្នុងធម៌ទាំងនោះ (ដោយឆន្ទរាគៈ) រួចស្រឡះ (ចាករាគៈ) ប្រាសចាក (យោគៈ) មានចិត្តមិនរពើតរពើង។ សារីបុត្រនោះ ដឹងច្បាស់ថា និស្សរណធម៌ គឺការចេញចាកភព នៅមានតទៅទៀត។ ការធ្វើឲ្យរឿយៗ នូវនិស្សរណធម៌នោះ តែងមានដល់សារីបុត្រនោះ។
ID: 636831782186304729
ទៅកាន់ទំព័រ៖