ព្រះត្រៃបិដក ភាគ ២៦
[១៥៩] ម្នាលភិក្ខុទាំងឡាយ មួយទៀត សារីបុត្រកន្លងបង់នូវរូបសញ្ញាទាំងឡាយ ដោយសព្វគ្រប់ ដល់នូវសេចក្តីវិនាស នៃបដិឃសញ្ញា មិនធ្វើទុកក្នុងចិត្ត នូវនានត្តសញ្ញា ហើយចូលកាន់អាកាសានញ្ចាយតនជ្ឈាន ដោយបរិកម្មថា អាកាសមិនមានទីបំផុត ដូច្នេះ។ ធម៌ទាំងឡាយ គឺអាកាសានញ្ចាយតនសញ្ញា ចិត្តេកគ្គតា ផស្សៈ វេទនា សញ្ញា ចេតនា វិញ្ញាណ ឆន្ទៈ អធិមោក្ខៈ វីរិយៈ សតិ ឧបេក្ខា និងមនសិការៈណា ដែលមានក្នុងអាកាសានញ្ចាយតនជ្ឈាន ធម៌ទាំងនោះ ដែលសារីបុត្រនោះ បានកំណត់តាមលំដាប់ហើយ ធម៌ទាំងនោះ ដែលសារីបុត្រនោះ ដឹងច្បាស់ហើយ ក៏កើតឡើង ដឹងច្បាស់ហើយ ក៏តាំងនៅ ដឹងច្បាស់ហើយ ក៏ដល់នូវកិរិយារលត់ទៅ។ សារីបុត្រនោះ ដឹងច្បាស់យ៉ាងនេះថា ធម៌ទាំងនេះ មិនដែលមាន ត្រឡប់ទៅជាមាន ធ្លាប់មាន ត្រឡប់ទៅជាគ្មានវិញ យ៉ាងនេះ។ សារីបុត្រនោះ មិនលុះ មិនលិចលង់ មិនអាស្រ័យនៅ មិនជាប់នៅ ក្នុងធម៌ទាំងនោះ ជាអ្នករួចស្រឡះ (ចាកកាមរាគៈ) ប្រាសចាក (យោគៈ) មានចិត្តមិនរពើតរពើង។ សារីបុត្រនោះ ដឹងច្បាស់ថា និស្សរណធម៌ គឺការរលាស់ខ្លួន ចេញចាកភព នៅមានតទៅទៀត។ ការធ្វើឲ្យរឿយៗ នូវនិស្សរណធម៌នោះ តែងមានដល់សារីបុត្រនោះ។
ID: 636831783238054885
ទៅកាន់ទំព័រ៖