ព្រះត្រៃបិដក ភាគ ២៦
[១៧៣] ខ្ញុំនោះ បរិបូណ៌ដោយសីលក្ខន្ធ ដ៏ប្រសើរនេះហើយ ទទួលសេចក្តីសុខ ដែលមិនមានទោស ក្នុងសន្តាន។ ខ្ញុំនោះ ឃើញរូបដោយភ្នែក ក៏មិនប្រកាន់នូវនិមិត្ត មិនប្រកាន់នូវអនុព្យញ្ជនៈឡើយ អកុសលធម៌ទាំងឡាយ ដ៏លាមក គឺអភិជ្ឈា និងទោមនស្ស គប្បីជាប់តាមនូវបុគ្គល ព្រោះហេតុមិនសង្រួម នូវចក្ខុន្ទ្រិយណា ខ្ញុំក៏ប្រតិបត្តិ ដើម្បីសង្រួម នូវចក្ខុន្ទ្រិយនោះ រក្សានូវចក្ខុន្ទ្រិយ ដល់នូវការសង្រួម ក្នុងចក្ខុន្ទ្រិយ ឮសំឡេងដោយត្រចៀក... ធុំក្លិនដោយច្រមុះ... ទទួលរសដោយអណ្តាត... ពាល់ត្រូវនូវផោដ្ឋព្វៈ ដោយកាយ.... ដឹងធម្មារម្មណ៍ដោយចិត្ត ក៏មិនប្រកាន់នូវនិមិត្ត មិនប្រកាន់នូវអនុព្យញ្ជនៈឡើយ ធម៌ទាំងឡាយ ជាអកុសល ដ៏លាមក គឺអភិជ្ឈា និងទោមនស្ស គប្បីជាប់តាមនូវបុគ្គល ព្រោះហេតុមិនសង្រួម នូវមនិន្ទ្រិយណា ខ្ញុំក៏ប្រតិបត្តិ ដើម្បីសង្រួមនូវមនិន្ទ្រិយនោះ រក្សានូវមនិន្ទ្រិយ ដល់នូវការសង្រួម ក្នុងមនិន្ទ្រិយ។
ID: 636831788679076094
ទៅកាន់ទំព័រ៖