ព្រះត្រៃបិដក ភាគ ២៦
[២២១] ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលសារីបុត្រ ត្រូវហើយៗ ម្នាលសារីបុត្រ ត្រូវណាស់ហើយ ភាសិតសង្ខេបនេះ ដែលតថាគត មិនបានចែករំលែកសេចក្តីឲ្យពិស្តារទេ តែអ្នកដឹងច្បាស់សេចក្តី ដោយពិស្តារយ៉ាងនេះបាន។ ត្រង់ពាក្យដែលតថាគតសំដែងហើយថា ម្នាលភិក្ខុទាំងឡាយ តថាគត សំដែងកាយសមាចារ ថាមានពីរយ៉ាង គឺកាយសមាចារគួរសេព១ មិនគួរសេព១ មួយទៀត តថាគត សំដែងកាយសមាចារនោះ ទីទៃៗពីគ្នា ដូច្នេះនុ៎ះ តើតថាគតសំដែង សំដៅហេតុដូចម្តេច។ ម្នាលសារីបុត្រ កាលបុគ្គលសេពកាយសមាចារ មានសភាពយ៉ាងណា អកុសលធម៌ទាំងឡាយ តែងចម្រើនឡើង កុសលធម៌ទាំងឡាយ តែងសាបសូន្យ កាយសមាចារ មានសភាពយ៉ាងនោះ បុគ្គលមិនគួរសេពឡើយ។ ម្នាលសារីបុត្រ កាលបុគ្គលសេពនូវកាយសមាចារ មានសភាពយ៉ាងណា អកុសលធម៌ទាំងឡាយ តែងសាបសូន្យ កុសលធម៌ទាំងឡាយ តែងចម្រើនឡើង កាយសមាចារ មានសភាពយ៉ាងនោះ បុគ្គលគួរសេព។
ID: 636831802598052214
ទៅកាន់ទំព័រ៖