ព្រះត្រៃបិដក ភាគ ២៦
[២៤៣] បពិត្រព្រះអង្គដ៏ចំរើន ការណ៍ដែលគួរហៅថា ភិក្ខុអ្នកឈ្លាសក្នុងអាយតនៈ តើដោយហេតុប៉ុន្មាន។ ម្នាលអានន្ទ អាយតនៈ ទាំងខាងក្នុង ទាំងខាងក្រៅនេះ មាន៦គឺ ចក្ខុ និងរូបៈ១ សោតៈ និងសទ្ទៈ១ ឃានៈ និងគន្ធៈ១ ជិវ្ហា និងរសៈ១ កាយ និងផោដ្ឋព្វៈ១ មនោ និងធម្មារម្មណ៍១ ម្នាលអានន្ទ ភិក្ខុដឹងនូវអាយតនៈទាំងខាងក្នុង ទាំងខាងក្រៅ៦នេះឯង ដោយហេតុណា ម្នាលអានន្ទ ការណ៍ដែលគួរហៅថា ភិក្ខុអ្នកឈ្លាសក្នុងអាយតនៈ ដោយហេតុប៉ុណ្ណេះឯង។
[២៤៤] បពិត្រព្រះអង្គដ៏ចំរើន ការណ៍ដែលគួរហៅថា ភិក្ខុអ្នកឈ្លាសក្នុងបដិច្ចសមុប្បាទ តើដោយហេតុប៉ុន្មាន។ ម្នាលអានន្ទ ភិក្ខុក្នុងសាសនានេះ ដឹងយ៉ាងនេះថា កាលបើបច្ច័យនេះមាន ផលនេះក៏មាន ផលនេះកើត ព្រោះតែបច្ច័យនេះកើត កាលបើបច្ច័យនេះមិនមាន ផលនេះក៏មិនមាន ផលនេះរលត់ ព្រោះតែបច្ច័យនេះរលត់ គឺថា សង្ខារទាំងឡាយកើតមាន ព្រោះអវិជ្ជាជាបច្ច័យ វិញ្ញាណកើតមាន ព្រោះសង្ខារជាបច្ច័យ នាមរូបកើតមាន ព្រោះវិញ្ញាណជាបច្ច័យ
ID: 636831814366005302
ទៅកាន់ទំព័រ៖