ព្រះត្រៃបិដក ភាគ ២៦
លោកខាងមុខមិនមាន មាតាមិនមានគុណ បិតាមិនមានគុណ សត្វជាឱបបាតិកៈកំណើត មិនមាន ពួកសមណព្រាហ្មណ៍ក្នុងលោក ដែលព្រមព្រៀង ប្រតិបត្តិត្រូវ ធ្វើឲ្យជាក់ច្បាស់ ដោយប្រាជ្ញាដ៏ក្រៃលែងខ្លួនឯង ត្រាស់ដឹងនូវលោកនេះ និងលោកខាងមុខ មិនមាន នេះឈ្មោះថា មិច្ឆាទិដ្ឋិ។
[២៥៦] ម្នាលភិក្ខុទាំងឡាយ សម្មាទិដ្ឋិ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ តថាគត សំដែងនូវសម្មាទិដ្ឋិ ថាមានពីរយ៉ាង ម្នាលភិក្ខុទាំងឡាយ គឺសម្មាទិដ្ឋិប្រកបដោយអាសវៈ ជាចំណែកនៃបុណ្យ ឲ្យផលជាឧបធិក្កិលេស ក៏មាន ម្នាលភិក្ខុទាំងឡាយ សម្មាទិដ្ឋិដ៏ប្រសើរ មិនមានអាសវៈ ជាលោកុត្តរៈ ជាអង្គនៃមគ្គក៏មាន។
[២៥៧] ម្នាលភិក្ខុទាំងឡាយ សម្មាទិដ្ឋិ ប្រកបដោយអាសវៈ ជាចំណែកនៃបុណ្យ ឲ្យផលជាឧបធិក្កិលេស តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ សេចក្តីយល់ថា ទានដែលបុគ្គលឲ្យហើយ មានផល បូជាតូច មានផល បូជាធំ មានផល ផលវិបាករបស់កម្ម ដែលសត្វធ្វើល្អ និងធ្វើអាក្រក់ មាន លោកនេះមាន លោកខាងមុខមាន
ID: 636831821105220763
ទៅកាន់ទំព័រ៖