ព្រះត្រៃបិដក ភាគ ២៦
មានសតិផ្តេកផ្តួលចិត្ត ទៅតាមសម្មាសង្កប្បៈ ក៏សម្រេចសម្រាន្តនៅ។ សតិនោះ ឈ្មោះថា សម្មាសតិ របស់បុគ្គលនោះ។ ធម៌ទាំង៣ប្រការនេះ គឺសម្មាទិដ្ឋិ សម្មាវាយាមៈ សម្មាសតិ រមែងតាមចោមរោម នូវសម្មាសង្កប្បៈ ដោយប្រការដូច្នេះឯង។
[២៦៤] ម្នាលភិក្ខុទាំងឡាយ បណ្តាមគ្គទាំងនោះ សម្មាទិដ្ឋិ ជាធម្មជាតិដល់មុន។ ម្នាលភិក្ខុទាំងឡាយ សម្មាទិដ្ឋិ ជាធម្មជាតិដល់មុន តើដូចម្តេច។ បុគ្គលដឹងច្បាស់នូវមិច្ឆាវាចា ថាជាមិច្ឆាវាចា ដឹងច្បាស់នូវសម្មាវាចា ថាជាសម្មាវាចា។ សេចក្តីដឹងច្បាស់នោះ ជាសម្មាទិដ្ឋិ របស់បុគ្គលនោះ។
[២៦៥] ម្នាលភិក្ខុទាំងឡាយ មិច្ឆាវាចា តើដូចម្តេច។ ការនិយាយកុហក សំដីញុះញង់ សំដីអាក្រក់ សំដីឥតប្រយោជន៍ ម្នាលភិក្ខុទាំងឡាយ នេះឈ្មោះថា មិច្ឆាវាចា។
[២៦៦] ម្នាលភិក្ខុទាំងឡាយ សម្មាវាចា តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ តថាគត សំដែងនូវសម្មាវាចា ថាមានពីរយ៉ាង ម្នាលភិក្ខុទាំងឡាយ សម្មាវាចា ប្រកបដោយអាសវៈ ជាចំណែកនៃបុណ្យ ឲ្យផលជាឧបធិក្កិលេសក៏មាន ម្នាលភិក្ខុទាំងឡាយ សម្មាវាចា ដ៏ប្រសើរ មិនមានអាសវៈ ជាលោកុត្តរៈ ជាអង្គនៃមគ្គក៏មាន។
ID: 636831822245265970
ទៅកាន់ទំព័រ៖