ព្រះត្រៃបិដក ភាគ ២៦
លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ទតភិក្ខុសង្ឃ ដែលអង្គុយស្ងៀម ហើយត្រាស់នឹងភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ បរិស័ទនេះស្ងាត់ហើយ ម្នាលភិក្ខុទាំងឡាយ បរិស័ទនេះ ស្ងាត់ចាកការចរចា ហើយឋិតនៅក្នុងធម៌ ដែលជាខ្លឹមសារដ៏បរិសុទ្ធ។ បរិស័ទមានសភាពយ៉ាងណា ដែលគួរដល់ការបូជា គួរដល់អាគន្តុកទាន គួរដល់ទក្ខិណាទាន គួរដល់អញ្ជលិកម្ម ជាបុញ្ញក្ខេត្តដ៏ប្រសើរ របស់សត្វលោក ម្នាលភិក្ខុទាំងឡាយ ភិក្ខុសង្ឃនេះ មានសភាពយ៉ាងនោះ ម្នាលភិក្ខុទាំងឡាយ បរិស័ទនេះ ក៏មានសភាពយ៉ាងនោះដែរ។ ទានតិចតួច ដែលបុគ្គលឲ្យហើយ ទៅជាទានមានផលច្រើន ឬទានច្រើន ដែលបុគ្គលឲ្យហើយ ក៏រឹងរឹតតែមានផលច្រើន ក្នុងបរិស័ទមានសភាពយ៉ាងណា ម្នាលភិក្ខុទាំងឡាយ ភិក្ខុសង្ឃនេះ ក៏មានសភាពយ៉ាងនោះ ម្នាលភិក្ខុទាំងឡាយ បរិស័ទនេះ ក៏មានសភាពយ៉ាងនោះដែរ។
ID: 636831826344540435
ទៅកាន់ទំព័រ៖