ព្រះត្រៃបិដក ភាគ ២៦
[២៨៧] ម្នាលភិក្ខុទាំងឡាយ ក្នុងភិក្ខុសង្ឃនេះ មានពួកភិក្ខុជាអ្នកប្រកបរឿយៗ នូវសេចក្តីព្យាយាម ជាគ្រឿងចម្រើននូវអានាបានស្សតិ សម្រាន្តនៅដោយឥរិយាបថទាំង៤។ ម្នាលភិក្ខុទាំងឡាយ អានាបានស្សតិ ដែលបុគ្គលបានចម្រើន បានធ្វើឲ្យរឿយៗហើយ រមែងមានផលច្រើន មានអានិសង្សច្រើន។ ម្នាលភិក្ខុទាំងឡាយ អានាបានស្សតិ ដែលបុគ្គលបានចម្រើន បានធ្វើឲ្យរឿយៗហើយ រមែងញុំាងសតិប្បដ្ឋានទាំង៤ ឲ្យពេញបរិបូណ៌បាន។ សតិប្បដ្ឋានទាំង៤ ដែលបុគ្គលបានចម្រើន បានធ្វើឲ្យរឿយៗហើយ រមែងញុំាងពោជ្ឈង្គទាំង៧ ឲ្យពេញបរិបូណ៌បាន។ ពោជ្ឈង្គទាំង៧ ដែលបុគ្គលបានចម្រើន បានធ្វើឲ្យរឿយៗហើយ រមែងញុំាងវិជ្ជា និងវិមុត្តិ ឲ្យពេញបរិបូណ៌បាន។
[២៨៨] ម្នាលភិក្ខុទាំងឡាយ អានាបានស្សតិ ដែលបុគ្គលបានចម្រើន ដូចម្តេច បានធ្វើឲ្យរឿយៗ ដូចម្តេច ទើបមានផលច្រើន មានអានិសង្សច្រើន។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ទៅកាន់ព្រៃក្តី ទៅកាន់ម្លប់ឈើក្តី ទៅកាន់ផ្ទះស្ងាត់ក្តី អង្គុយពែនភ្នែន តាំងកាយឲ្យត្រង់ តំកល់ស្មារតី ឲ្យមានមុខចំពោះទៅរក (កម្មដ្ឋាន) ។
ID: 636831827444763364
ទៅកាន់ទំព័រ៖