ព្រះត្រៃបិដក ភាគ ២៦
ញុំាងករជកាយនេះឯង ឲ្យជោកជាំ ឲ្យស្កប់ស្កល់ ឲ្យពេញលេញ ឲ្យផ្សព្វផ្សាយ ដោយសុខៈ ដែលប្រាសចាកបីតិ ឯកទេសបន្តិចបន្តួច នៃករជកាយទាំងអស់ របស់ភិក្ខុនោះ ដែលឈ្មោះថា មិនផ្សព្វផ្សាយ ដោយសុខៈ ដែលប្រាសចាកបីតិ មិនមានឡើយ។ ម្នាលភិក្ខុទាំងឡាយ ដូចជាផ្កាជលជាតិពួកខ្លះ គឺផ្កាព្រលិតក្តី ផ្កាឈូកក្រហមក្តី ផ្កាឈូកសក្តី ក្នុងគុម្ពនៃព្រលិតក្តី ក្នុងគុម្ពនៃឈូកក្រហមក្តី ក្នុងគុម្ពនៃឈូកសក្តី តែងកើតឡើងក្នុងទឹក ចម្រើនឡើងក្នុងទឹក លូតលាស់ឡើងតាមទឹក លិចនៅក្នុងទឹក ជោកជាំ ឆ្អែតស្កប់ស្កល់ បរិបូណ៌ ផ្សព្វផ្សាយ ដោយទឹកត្រជាក់ តាំងអំពីចុង រហូតដល់គល់ ឯកទេសបន្តិចបន្តួច នៃផ្កាជលជាតិទាំងអស់នោះ គឺព្រលិតក្តី ឈូកក្រហមក្តី ឈូកសក្តី ដែលឈ្មោះថា មិនផ្សព្វផ្សាយ ដោយទឹកត្រជាក់នោះ មិនមានឡើយ ដូចម្តេចមិញ ម្នាលភិក្ខុទាំងឡាយ ភិក្ខុញុំាងករជកាយនេះឯង ឲ្យជោកជាំ ឲ្យឆ្អែតស្កប់ស្កល់ ឲ្យពេញលេញ ឲ្យផ្សព្វផ្សាយ ដោយសុខៈ ដែលមិនមានបីតិ ឯកទេសបន្តិចបន្តួច នៃករជកាយទាំងអស់ របស់ភិក្ខុនោះ ដែលឈ្មោះថា មិនផ្សព្វផ្សាយ ដោយសុខៈ ដែលមិនមានបីតិនោះ មិនមានឡើយ ដូច្នោះឯង។ កាលភិក្ខុនោះ មិនប្រមាទយ៉ាងនេះហើយ។បេ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុចម្រើនកាយគតាសតិ ដោយវិធីយ៉ាងនេះក៏បាន។
ID: 636831834775202641
ទៅកាន់ទំព័រ៖