ព្រះត្រៃបិដក ភាគ ២៦
ប៉ុន្តែសមណៈ ឬព្រាហ្មណ៍ ដ៏ចម្រើននេះឯង ប្រកាន់មាំ នូវបុព្វន្តានុទិដ្ឋិផង ប្រកាន់មាំ នូវអបរន្តានុទិដ្ឋិផង ប្រកាន់មាំ នូវកាមសញ្ញោជនៈផង ប្រកាន់មាំ នូវបីតិដ៏ស្ងប់ស្ងាត់ផង ប្រកាន់មាំ នូវនិរាមិសសុខផង ប្រកាន់មាំ នូវអទុក្ខមសុខវេទនាផង។ សមណព្រាហ្មណ៍ មានអាយុនេះ ពិចារណាឃើញថា អាត្មាអញ ជាអ្នកស្ងប់រម្ងាប់ អាត្មាអញ ជាអ្នករលត់ទុក្ខ អាត្មាអញ ជាអ្នកមិនមានសេចក្តីប្រកាន់មាំ ដោយហេតុណា ហេតុនោះ ព្រះតថាគតពោលថា ជាឧបាទាន (សេចក្តីប្រកាន់មាំ) របស់សមណព្រាហ្មណ៍ ដ៏ចម្រើននេះ។ ឧបាទាននោះ ជាសង្ខតធម៌ ដ៏គ្រោតគ្រាតនៅឡើយ ចំណែកខាងការរលត់សង្ខារទាំងឡាយ មានពិត ព្រះនិព្វាន ក៏មានពិត លុះព្រះតថាគត ដឹងច្បាស់ដូច្នេះហើយ ជាអ្នកឃើញ នូវការរលាស់ចេញ នូវឧបាទាននោះ កន្លងនូវឧបាទាននោះ។
ID: 636831695458624189
ទៅកាន់ទំព័រ៖