ព្រះត្រៃបិដក ភាគ ២៦
ម្នាលភិក្ខុទាំងឡាយ បើអ្នកទាំងឡាយ ពិនិត្យឃើញ យ៉ាងនេះវិញថា អាត្មាអញ នឹងមានសេចក្តីលំបាកផង បុគ្គលដទៃ មានសេចក្តីអាក់អន់ផង ព្រោះថា បុគ្គលដទៃ ជាអ្នកក្រោធ ជាអ្នកចងពៀរ ជាអ្នកមានទិដ្ឋិមាំ ជាអ្នកលះបង់បានដោយក្រ តែអាត្មាអញ អាចញុំាងបុគ្គលនុ៎ះ ឲ្យចេញចាកអកុសលធម៌ ឲ្យតាំងនៅក្នុងកុសលធម៌បាន ឯសេចក្តីលំបាក របស់អាត្មាអញ នឹងសេចក្តីអាក់អន់ របស់បុគ្គលដទៃនុ៎ះ គ្រាន់តែជាការបន្តិចបន្តួចទេ ទោះបីត្រឡប់ទៅជាការធំដុំវិញ អាត្មាអញនោះ ក៏អាចញុំាងបុគ្គលនេះ ឲ្យចេញចាកអកុសលធម៌ ឲ្យតាំងនៅក្នុងកុសលធម៌បាន។ ម្នាលភិក្ខុទាំងឡាយ បើអ្នកទាំងឡាយ ពិនិត្យឃើញយ៉ាងនេះ ទើបគួរនិយាយ។ ម្នាលភិក្ខុទាំងឡាយ តែបើអ្នកទាំងឡាយ ពិនិត្យឃើញ យ៉ាងនេះថា អាត្មាអញ នឹងមានសេចក្តីលំបាកផង បុគ្គលដទៃ មានសេចក្តីអាក់អន់ផង ព្រោះថា បុគ្គលដទៃ ជាអ្នកក្រោធ ជាអ្នកចងពៀរ ជាអ្នកមានទិដ្ឋិមាំ ជាអ្នកលះបង់បានដោយក្រ ទាំងអាត្មាអញ ក៏មិនអាចញុំាងបុគ្គលនុ៎ះ ឲ្យចេញចាកអកុសលធម៌ ឲ្យតាំងនៅក្នុងកុសលធម៌ទេ។ អ្នកទាំងឡាយ គប្បីជាអ្នកព្រងើយ ក្នុងបុគ្គលមានសភាពយ៉ាងនេះ កុំគប្បីធ្វើដឹងឡើយ។
ID: 636831698426293930
ទៅកាន់ទំព័រ៖