ព្រះត្រៃបិដក ភាគ ២៦
សាមគ្គាមសូត្រ ទី៤
[៥១] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់ក្នុងសាមគ្រាម ក្នុងដែនសក្កៈ។ សម័យនោះឯង និគណ្ឋនាដបុត្រ ទើបតែនឹងធ្វើមរណកាល ក្នុងដែនបាវា។ ព្រោះកាលកិរិយា នៃនិគណ្ឋនាដបុត្រនោះ ពួកនិគ្រន្ថ (ជាអន្តេវាសិក) ក៏បែកបាក់គ្នាជាពីរពួក កើតប្រកួតប្រកាន់គ្នា ឈ្លោះទាស់ទែង ចាក់ដោតគ្នានិងគ្នា ដោយលំពែង គឺមាត់ថា អ្នកឯងមិនដឹងធម៌វិន័យនេះទេ យើងទើបដឹងធម៌វិន័យនេះ អ្នកឯងនឹងដឹងធម៌វិន័យនេះ ដូចម្តេចបាន អ្នកឯងប្រតិបត្តិខុស យើងទើបប្រតិបត្តិត្រូវ ពាក្យរបស់យើង ប្រកបដោយប្រយោជន៍ ពាក្យរបស់អ្នកឯង មិនប្រកបដោយប្រយោជន៍ទេ ពាក្យដែលគួរនិយាយមុន អ្នកឯងបែរជានិយាយក្រោយ ពាក្យដែលគួរនិយាយក្រោយ អ្នកឯងបែរជានិយាយមុន អ្នកឯងសន្សំតែវត្តដែលខុសៗ បើអ្នកឯងលើកវាទៈឡើង គេរមែងតិះដៀលបាន បើអ្នកឯងអាច ចូរប្រព្រឹត្តឲ្យរួចចាកវាទៈចុះ។ ពួកនិគ្រន្ថទាំងនោះ ធ្វើនូវជម្លោះគ្នានឹងគ្នា។
ID: 636831699571609438
ទៅកាន់ទំព័រ៖