ព្រះត្រៃបិដក ភាគ ២៧
អនុរុទ្ធសូត្រ ទី៧
[៨៨] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់សម្រេចឥរិយាបថ ក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះឯង បញ្ចកង្គថបតិ
(១) បានហៅបុរសម្នាក់មកថា នែបុរសដ៏ចម្រើន អ្នកចូរមក ចូរអ្នកទៅឯព្រះអនុរុទ្ធមានអាយុ លុះចូលទៅដល់ហើយ ថ្វាយបង្គំបាទា នៃព្រះអនុរុទ្ធមានអាយុ ដោយត្បូង តាមពាក្យរបស់យើងថា បពិត្រលោកដ៏ចម្រើន បញ្ចកង្គថបតិ សូមថ្វាយបង្គំបាទា នៃព្រះអនុរុទ្ធមានអាយុ ដោយត្បូង រួចហើយអ្នកចូរពោលយ៉ាងនេះទៀតថា បពិត្រលោកដ៏ចម្រើន សូមព្រះអនុរុទ្ធមានអាយុ មានខ្លួនជាគម្រប់៤ ទទួលភត្ត របស់បញ្ចកង្គថបតិ ដើម្បីឆាន់ក្នុងថ្ងៃស្អែក បពិត្រលោកដ៏ចម្រើន សូមព្រះអនុរុទ្ធមានអាយុ ប្រញាប់និមន្តមកអំពីព្រឹកឲ្យទាន បពិត្រលោកដ៏ចម្រើន ព្រោះថាបញ្ចកង្គថបតិ គាត់មានកិច្ចច្រើន មានការងារច្រើន ដោយព្រះរាជកិច្ច។
(១) ជាងឈើប្រកបដោយអង្គ៥ គឺកាំបិតព្រា១ ពូថៅ១ ពន្លាក១ អន្លូង១ ស្នូកបន្ទាត់១។ អដ្ឋកថា។
ID: 636847482600284276
ទៅកាន់ទំព័រ៖