ព្រះត្រៃបិដក ភាគ ២៧
ម្នាលគហបតី មានឧបមេយ្យដូចយ៉ាងសម័យ ដែលពួកទេវតាចេញទៅអំពីទីប្រជុំនោះ ឯពួកទេវតានោះ កាលដែលចេញទៅ អំពីទីប្រជុំនោះ ប្រាកដជាមានសម្បុរផ្សេងគ្នា មានពន្លឺក៏ផ្សេងគ្នា។
[៩៥] ម្នាលគហបតី ឯទេវតាទាំងនោះ មិនមានសេចក្តីត្រិះរិះ យ៉ាងនេះថា ទីរបស់យើងនេះ ទៀងទាត់ ឋិតឋេរ មាំមួន ដូច្នេះឡើយ។ មួយទៀត ពួកទេវតាណា នៅអាស្រ័យក្នុងទីណាៗ ទេវតាទាំងនោះ រមែងត្រេកអរ ក្នុងទីនោះៗឯង។ ម្នាលគហបតី ដូចហ្វូងរុយ ដែលគេនាំទៅ ដោយអម្រែកក្តី ដោយកញ្ជើរក្តី តែងមិនមានសេចក្តីត្រិះរិះ យ៉ាងនេះថា ទីរបស់យើងនេះ ទៀងទាត់ ឋិតឋេរ មាំមួន ដូច្នេះឡើយ។ មួយវិញទៀត រុយទាំងនោះ ទៅអាស្រ័យក្នុងទីណាៗ រុយទាំងនោះ រមែងត្រេកអរ ក្នុងទីនោះៗឯង មានឧបមា យ៉ាងណាមិញ ម្នាលគហបតី មានឧបមេយ្យដូចយ៉ាង ទេវតាទាំងនោះ តែងមិនមានសេចក្តីត្រិះរិះ យ៉ាងនេះថា ទីរបស់យើងនេះ ទៀងទាត់ ឋិតឋេរ មាំមួន ដូច្នេះឡើយ។ មួយវិញទៀត ពួកទេវតាណា នៅអាស្រ័យក្នុងទីណាៗ ទេវតាទាំងនោះ រមែងត្រេកអរ ក្នុងទីនោះៗ។
ID: 636847485705351876
ទៅកាន់ទំព័រ៖