ព្រះត្រៃបិដក ភាគ ២៧
[១០៥] កាលបើព្រះអនុរុទ្ធមានអាយុ ពោលយ៉ាងនេះហើយ អភិយកច្ចានៈមានអាយុ ក៏ពោលទៅនឹងព្រះអនុរុទ្ធមានអាយុ ដូច្នេះថា បពិត្រព្រះអនុរុទ្ធដ៏ចម្រើន ពាក្យរបស់លោក ប្រពៃហើយ បពិត្រលោកដ៏ចម្រើន ព្រះអនុរុទ្ធមានអាយុ មិនបានពោលយ៉ាងនេះថា ខ្ញុំបានស្តាប់មកយ៉ាងនេះ ឬថាសេចក្តីយ៉ាងនេះ គួរនឹងមានទេ បពិត្រលោកដ៏ចម្រើន តែថា ព្រះអនុរុទ្ធមានអាយុ សំដែងអំពីទេវតានោះ យ៉ាងនេះខ្លះ សំដែងអំពីទេវតានោះ ដូច្នេះខ្លះ បពិត្រលោកដ៏ចម្រើន ខ្ញុំមានសេចក្តីចូលចិត្ត យ៉ាងនេះថា ព្រះអនុរុទ្ធមានអាយុ ធ្លាប់នៅផង ធ្លាប់និយាយផង ធ្លាប់សាកច្ឆាផង ធ្លាប់រួមគំនិតផង ជាមួយនឹងទេវតាទាំងនោះឯង។ ម្នាលអាវុសោ កច្ចានៈ វាចាស្មាននេះ លោកបានពោលហើយ ដោយត្រឹមត្រូវពិត បើដូច្នោះ ខ្ញុំនឹងប្រាប់លោក ម្នាលអាវុសោ កច្ចានៈ ខ្ញុំធ្លាប់នៅផង ធ្លាប់និយាយផង ធ្លាប់សាកច្ឆាផង ធ្លាប់រួមគំនិតផង ជាមួយនឹងទេវតាទាំងនោះឯង អស់កាលជាយូរអង្វែងពិតមែន។
ID: 636847487894877110
ទៅកាន់ទំព័រ៖