ព្រះត្រៃបិដក ភាគ ២៧
[១១២] លុះព្រះមានព្រះភាគ ទ្រង់ព្រះស្ថិត (ឈរ) ពោលគាថា ទាំងនេះរួចហើយ ក៏ទ្រង់ស្តេចទៅ ឯពាលកលោណការគ្រាម។ សម័យនោះឯង ក៏ជួនជាព្រះភគុមានអាយុ គង់ក្នុងពាលកលោណការគ្រាមនោះដែរ។ ឯព្រះភគុមានអាយុ បានឃើញព្រះមានព្រះភាគ ទ្រង់ស្តេចមកអំពីចម្ងាយ លុះឃើញហើយ ក៏រៀបក្រាលអាសនៈ រួចតម្កល់ទឹក សម្រាប់លាងព្រះបាទ។ ព្រះមានព្រះភាគ ក៏ទ្រង់គង់លើអាសនៈ ដែលព្រះភគុមានអាយុ ក្រាលថ្វាយ លុះគង់ហើយ ទើបទ្រង់លាងព្រះបាទា។ ចំណែកព្រះភគុមានអាយុ ក៏ក្រាបថ្វាយបង្គំព្រះមានព្រះភាគ រួចហើយអង្គុយនៅក្នុងទីសមគួរ។ លុះព្រះភគុមានអាយុ អង្គុយក្នុងទីសមគួរហើយ ព្រះមានព្រះភាគ ក៏ទ្រង់ត្រាស់សួរ ដូច្នេះថា ម្នាលភិក្ខុ អ្នកល្មមអត់ធន់បានទេឬ ល្មមញ៉ាំងអត្តភាព ឲ្យប្រព្រឹត្តទៅ បានទេឬ អ្នកមិនលំបាក ដោយបិណ្ឌបាតទេឬ។ បពិត្រព្រះមានព្រះភាគ ខ្ញុំព្រះអង្គ ល្មមអត់ធន់បាន បពិត្រព្រះមានព្រះភាគ ខ្ញុំព្រះអង្គ ល្មមញ៉ាំងអត្តភាព ឲ្យប្រព្រឹត្តទៅបានស្រួល សូមទ្រង់ព្រះមេត្តាប្រោស មួយទៀត ខ្ញុំព្រះអង្គមិនលំបាក ដោយបិណ្ឌបាតទេ។
ID: 636847490935681034
ទៅកាន់ទំព័រ៖