ព្រះត្រៃបិដក ភាគ ២៧
វេលានោះ ព្រះមានព្រះភាគ ទ្រង់ពន្យល់ព្រះភគុមានអាយុ ឲ្យឃើញច្បាស់ ឲ្យកាន់យកតាម ឲ្យអាចហាន ឲ្យរីករាយ ដោយធម្មីកថាហើយ ក៏ទ្រង់ក្រោកចាកអាសនៈ ស្តេចទៅឯប្រទេសព្រៃឈ្មោះ បាចីនវំសៈ។
[១១៣] សម័យនោះឯង ចួនជាព្រះអនុរុទ្ធមានអាយុ ព្រះនន្ទិយៈមានអាយុ និងព្រះកិម្ពិលៈមានអាយុ គង់នៅក្នុងប្រទេសព្រៃឈ្មោះ បាចីនវំសៈ នោះ។ ឯនាយទាយបាល (បុរសជាអ្នករក្សាព្រៃ) បានឃើញព្រះមានព្រះភាគ ទ្រង់ស្តេចមកអំពីចម្ងាយ លុះឃើញហើយ ក៏ក្រាបបង្គំទូល ព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះសមណៈ ព្រះអង្គកុំស្តេចចូលទៅកាន់ព្រៃនេះឡើយ ដ្បិតមានពួកកុលបុត្រ ៣រូប មានសភាពជាអ្នកស្រឡាញ់ខ្លួន នៅក្នុងព្រៃនេះ ព្រះអង្គ កុំធ្វើឲ្យកុលបុត្រទាំងនោះ មានសេចក្តីមិនសប្បាយឡើយ។ ឯព្រះអនុរុទ្ធមានអាយុ បានឮពាក្យនាយទាយបាល កំពុងនិយាយជាមួយនឹងព្រះមានព្រះភាគ លុះឮហើយ ក៏និយាយទៅនឹងនាយទាយបាល ដូច្នេះថា ម្នាលនាយទាយបាល មានអាយុ អ្នកកុំឃាត់ព្រះមានព្រះភាគឡើយ ដ្បិតព្រះមានព្រះភាគ ជាគ្រូរបស់យើង ព្រះអង្គ ទ្រង់ស្តេចមកដល់ហើយ។
ID: 636847491191345657
ទៅកាន់ទំព័រ៖