ព្រះត្រៃបិដក ភាគ ២៧
កាលបើភិក្ខុដឹងយ៉ាងនេះ ឃើញយ៉ាងនេះ ចិត្តក៏រួចចាកកាមាសវៈផង ចិត្តក៏រួចចាកភវាវៈផង ចិត្តក៏រួចចាកអវិជ្ជាសវៈផង កាលបើចិត្តរួចស្រឡះហើយ ញាណក៏កើតឡើងថា អាត្មាអញ មានចិត្តរួចស្រឡះហើយ ភិក្ខុនោះ ដឹងច្បាស់ថា ជាតិអស់ហើយ ព្រហ្មចារ្យ អាត្មាអញ បានប្រព្រឹត្តិស្រេចហើយ កិច្ចដែលអញត្រូវធ្វើ ក៏ធ្វើស្រេចហើយ មិនមានកិច្ចដទៃក្រៅពីនេះទៀតទេ។ ភិក្ខុនោះ ដឹងច្បាស់យ៉ាងនេះថា សេចក្តីក្រវល់ក្រវាយទាំងឡាយណា នៅមាន ព្រោះអាស្រ័យកាមាសវៈ សេចក្តីក្រវល់ក្រវាយទាំងនោះ មិនមានក្នុងទីនេះទេ សេចក្តីក្រវល់ក្រវាយទាំងឡាយណា នៅមាន ព្រោះអាស្រ័យភវាសវៈ សេចក្តីក្រវល់ក្រវាយទាំងនោះ មិនមានក្នុងទីនេះទេ សេចក្តីក្រវល់ក្រវាយទាំងឡាយណា នៅមាន ព្រោះអាស្រ័យអវិជ្ជាសវៈ សេចក្តីក្រវល់ក្រវាយទាំងនោះ មិនមានក្នុងទីនេះទេ តែសេចក្តីក្រវល់ក្រវាយនេះ បែរជានៅមាន គឺនៅមាន ព្រោះអាស្រ័យកាយ ដែលប្រកបដោយសឡាយតនៈនេះឯង
ID: 636847436584892347
ទៅកាន់ទំព័រ៖