ព្រះត្រៃបិដក ភាគ ២៧
បើលោកនោះចង់ឆាន់ ក៏ឆាន់ទៅ បើមិនចង់ឆាន់ទេ ចាក់ចោលទៅក្នុងទីគ្មានស្មៅស្រស់ ក៏បាន បាចសាចទៅក្នុងទឹក ដែលគ្មានសត្វតូច ក៏បាន រួចលោកនោះ រៀបចំទុកដាក់អាសនៈ រៀបចំទុកដាក់ទឹកសម្រាប់ឆាន់ និងទឹកសម្រាប់ប្រើប្រាស់ រៀបចំទុកដាក់ភាជន៍សម្រាប់ផ្ទេរ ហើយបោសសំអាតរោងភត្ត បើលោកណា ឃើញក្អមសម្រាប់ដាក់ទឹកឆាន់ក្តី ក្អមសម្រាប់ដាក់ទឹកលាងវច្ចៈក្តី នៅរលីងទទេ លោកនោះ ក៏តម្កល់ទុកឲ្យមានឡើង បើលោកនោះ មិនអាចនឹងលើកដោយដៃបានទេ យើងខ្ញុំ ក៏ហៅគ្នីគ្នា មកជួយលើកដោយដៃ ហើយតម្កល់ទុកក្អម សម្រាប់ដាក់ទឹកឆាន់ ឬក្អមសម្រាប់ដាក់ទឹកប្រើប្រាស់ សូមទ្រង់ព្រះមេត្តាប្រោស យើងខ្ញុំព្រះអង្គ មិនដែលបញ្ចេញវាចា ព្រោះហេតុប៉ុណ្ណោះឡើយ សូមទ្រង់ព្រះមេត្តាប្រោស មួយទៀត តែគ្រប់ប្រាំថ្ងៃហើយ
(១) យើងខ្ញុំតែងអង្គុយប្រជុំគ្នា ដោយធម្មីកថា អស់រាត្រីទាំងមូល គឺអស់មួយយប់ សូមទ្រង់ព្រះមេត្តាប្រោស យើងខ្ញុំព្រះអង្គ មិនបានប្រហែសធ្វេស ខំព្យាយាមដុតកិលេស មានចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន ហើយប្រព្រឹត្តនៅគ្រប់ឥរិយាបថ ទាំង៤ យ៉ាងនេះឯង។
(១) បានសេចក្តីថា ៥ថ្ងៃ ប្រជុំគ្នាម្តង
ID: 636847493057462393
ទៅកាន់ទំព័រ៖