ព្រះត្រៃបិដក ភាគ ២៧
ម្នាលអនុរុទ្ធទាំងឡាយ តថាគត មានសេចក្តីត្រិះរិះ ដូច្នេះថា ការសំឡឹងមើលនូវរូបក្រៃពេក កើតឡើងហើយ ដល់អាត្មាអញ ឯសមាធិ របស់អាត្មាអញ ក៏ឃ្លាតទៅ ព្រោះតែមានការសំឡឹងមើល នូវរូបក្រៃពេកជាហេតុ កាលបើសមាធិឃ្លាតទៅហើយ ពន្លឺ និងការឃើញរូបទាំងឡាយ ក៏បាត់ទៅដែរ។ វិចិកិច្ឆា អមនសិការៈ ថីនមិទ្ធៈ សេចក្តីរន្ធត់កាយ សេចក្តីឆ្មើងឆ្មៃ សេចក្តីក្រវល់ក្រវាយកាយ សេចក្តីព្យាយាមតឹងពេក សេចក្តីព្យាយាមធូរពេក សេចក្តីប្រាថ្នាហួសពេក នានត្តសញ្ញា និងការសំឡឹងមើលនូវរូបក្រៃពេក កើតឡើងមិនបាន ដល់អាត្មាអញ យ៉ាងណា អាត្មាអញ នឹងធ្វើយ៉ាងនោះ។
[១៣១] ម្នាលអនុរុទ្ធទាំងឡាយ តថាគតដឹងច្បាស់ថា វិចិកិច្ឆា ជាឧបក្កិលេស (គ្រឿងសៅហ្មង) របស់ចិត្ត ហើយក៏បានលះបង់ នូវវិចិកិច្ឆា ជាឧបក្កិលេស របស់ចិត្តចេញ។ ដឹងច្បាស់ថា អមនសិការៈ ជាឧបក្កិលេសរបស់ចិត្ត ហើយក៏បានលះបង់ នូវអមនសិការៈ ជាឧបក្កិលេស របស់ចិត្តចេញ។ ដឹងច្បាស់ថា ថីនមិទ្ធៈ ជាឧបក្កិលេស របស់ចិត្ត
ID: 636847495810509858
ទៅកាន់ទំព័រ៖