ព្រះត្រៃបិដក ភាគ ២៧
[១៥១] ម្នាលភិក្ខុទាំងឡាយ ដូចយ៉ាងអ្នកលេងល្បែងភ្នាល់ តែងធ្វើកូនឲ្យហិនហោចទៅផង ធ្វើប្រពន្ធឲ្យហិនហោចទៅផង ធ្វើសម្បត្តិទាំងពួង ឲ្យហិនហោចទៅផង ដោយការចាញ់ជាដំបូង តទៅមុខ ក៏ដល់នូវការជាប់វ័ណ្ឌខ្លួនឯងទៀត។ ម្នាលភិក្ខុទាំងឡាយ ត្រង់ហេតុដែលអ្នកលេងល្បែងភ្នាល់នោះ ធ្វើកូនឲ្យហិនហោចទៅផង ធ្វើប្រពន្ធឲ្យហិនហោចទៅផង ធ្វើសម្បត្តិទាំងពួង ឲ្យហិនហោចទៅផង ដោយការចាញ់ជាដំបូង តទៅមុខ ក៏ដល់នូវការជាប់វ័ណ្ឌខ្លួនឯងទៀតនោះ ឈ្មោះថា ចាញ់បន្តិចបន្តួចទេ។ ចំណែកខាងបុគ្គលពាលនោះ ប្រព្រឹត្តទុច្ចរិត ដោយកាយ ប្រព្រឹត្តទុច្ចរិត ដោយវាចា ប្រព្រឹត្តទុច្ចរិត ដោយចិត្តហើយ លុះបែកធ្លាយរាងកាយ ស្លាប់ទៅ ក៏ទៅកើតក្នុងកំណើតសត្វតិរច្ឆាន ប្រេត អសុរកាយ នរកនេះឯង ទើបឈ្មោះថា ការចាញ់យ៉ាងធំ ជាងនោះទៅទៀត។ ម្នាលភិក្ខុទាំងឡាយ នេះឯង ឈ្មោះថា ពាលភូមិ ដ៏បរិបូណ៌គ្រប់គ្រាន់។
ID: 636847504718809384
ទៅកាន់ទំព័រ៖