ព្រះត្រៃបិដក ភាគ ២៧
គង់ក្នុងនគរតូច ជានិគមរបស់ពួកសក្យៈ ក្នុងសក្កជនបទ បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គ បានស្តាប់ក្នុងទីចំពោះព្រះភក្ត្រ បានរៀន ក្នុងទីចំពោះព្រះភក្ត្រ នៃព្រះមានព្រះភាគ ក្នុងទីនោះថា ម្នាលអានន្ទ ឥឡូវនេះ តថាគតនៅច្រើនដោយការនៅស្ងប់ស្ងាត់ បពិត្រព្រះអង្គដ៏ចម្រើន ពាក្យនុ៎ះ ឈ្មោះថា ខ្ញុំព្រះអង្គ បានស្តាប់ដោយប្រពៃ បានរៀនដោយប្រពៃ បានធ្វើទុកក្នុងចិត្ត ដោយប្រពៃ បានចងចាំ ដោយប្រពៃហើយឬ។
[២] ព្រះមានព្រះភាគត្រាស់ថា អើអានន្ទ ពាក្យនុ៎ះ ឈ្មោះថា អ្នកបានស្តាប់ដោយប្រពៃ រៀនដោយប្រពៃ ធ្វើទុកក្នុងចិត្ត ដោយប្រពៃ ចងចាំដោយប្រពៃហើយ។ ម្នាលអានន្ទ កាលពីដើមក្តី ឥឡូវនេះក្តី តថាគតធ្លាប់នៅច្រើន ដោយការនៅស្ងប់ស្ងាត់។ ម្នាលអានន្ទ ប្រាសាទរបស់មិគារមាតានេះ សូន្យចាកដំរី គោ សេះ លា សូន្យចាកមាស និងប្រាក់ សូន្យចាកការជួបជុំស្រី និងប្រុសអស់ហើយ។ តែទីនេះ មិនមែនឈ្មោះថាសូន្យទេ គឺនៅមានសភាវៈមួយ ព្រោះអាស្រ័យភិក្ខុសង្ឃ មានឧបមា ដូចម្តេចមិញ ម្នាលអានន្ទ មានឧបមេយ្យដូចជា ភិក្ខុមិនធ្វើទុកក្នុងចិត្ត នូវគាមសញ្ញា (សេចក្តីសំគាល់ថាស្រុក) មិនធ្វើទុកក្នុងចិត្ត នូវមនុស្សសញ្ញា (សេចក្តីសំគាល់ថាមនុស្ស) ទេ តែធ្វើទុកក្នុងចិត្ត នូវសភាវៈមួយ ព្រោះអាស្រ័យអរញ្ញសញ្ញា (សេចក្តីសំគាល់ថាព្រៃ) ក៏ដូច្នោះដែរ។
ID: 636847433529347579
ទៅកាន់ទំព័រ៖