ព្រះត្រៃបិដក ភាគ ២៧

 [​១៧០​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ជន​ជា​បណ្ឌិត​នោះ​ ​បើ​អំណឹះ​កាលយូរ​អង្វែង​ទៅ​ម្តង​ៗ​ ​ក៏​មកកាន់​អត្តភាព​ជា​មនុស្ស​ ​ក្នុង​កាល​ជា​ខាងក្រោយ​ ​តែង​កើត​ក្នុង​ត្រកូល​ខ្ពស់​ ​គឺ​ត្រកូល​ខត្តិយ​មហាសាល​ខ្លះ​ ​ត្រកូល​ព្រាហ្មណ​មហាសាល​ខ្លះ​ ​ត្រកូល​គហបតី​មហាសាល​ខ្លះ​ ​ជា​ត្រកូល​ស្តុកស្តម្ភ​ ​មាំមួន​ ​មានទ្រព្យ​ច្រើន​ ​មាន​គ្រឿង​ប្រើប្រាស់​ច្រើន​ ​មាន​ប្រាក់​មាស​ច្រើន​ ​មាន​គ្រឿងឧបករណ៍​ច្រើន​ ​មាន​ធញ្ញជាត​ជា​ទ្រព្យ​ច្រើន​។​ ​មួយទៀត​ ​ជន​ជា​បណ្ឌិត​នោះ​ ​មាន​រូបល្អ​ ​គួរ​ពិតពិល​រមិលមើល​ ​គួរ​ជ្រះថ្លា​ ​ប្រកបដោយ​សម្បុរ​ល្អ​ ​ដ៏​ក្រៃលែង​ ​ជា​អ្នក​បាន​បាយ​ ​ទឹក​ ​សំពត់​ ​យាន​ ​ផ្កាកម្រង​ ​គ្រឿងក្រអូប​ ​គ្រឿង​លាប​ផ្សេង​ៗ​ ​ទីដេក​ ​ទីនៅ​អាស្រ័យ​ ​និង​គ្រឿង​ប្រទីប​។​ ​ជន​ជា​បណ្ឌិត​នោះ​ ​តែង​ប្រព្រឹត្ត​សុចរិត​ដោយ​កាយ​ ​ប្រព្រឹត្ត​សុចរិត​ដោយ​វាចា​ ​ប្រព្រឹត្ត​សុចរិត​ដោយចិត្ត​។​ ​លុះ​ជន​ជា​បណ្ឌិត​នោះ​ ​ប្រព្រឹត្ត​សុចរិត​ដោយ​កាយ​ ​ប្រព្រឹត្ត​សុចរិត​ដោយ​វាចា​ ​ប្រព្រឹត្ត​សុចរិត​ដោយចិត្ត​ ​ហើយ​ដល់​បែកធ្លាយ​រាងកាយ​ស្លាប់​ទៅ​ ​ក៏​ទៅ​កើត​ក្នុង​សុគតិ​ ​សួគ៌​ ​ទេវលោក​។​
ថយ | ទំព័រទី ២០៥ | បន្ទាប់
ID: 636847512038848066
ទៅកាន់ទំព័រ៖