ព្រះត្រៃបិដក ភាគ ២៧
មិនមែនបងប្អូនប្រុសធ្វើឲ្យទេ មិនមែនបងប្អូនស្រីធ្វើឲ្យទេ មិនមែនពួកមិត្តអាមាត្យធ្វើឲ្យទេ មិនមែនពួកញាតិសាលោហិតធ្វើឲ្យទេ មិនមែនពួកសមណព្រាហ្មណ៍ធ្វើឲ្យទេ មិនមែនទេវតាទាំងឡាយធ្វើឲ្យទេ បាបកម្មនុ៎ះ គឺអ្នកឯងធ្វើខ្លួនឯង អ្នកឯងនឹងត្រូវទទួលវិបាក នៃបាបកម្មនោះវិញ។ ម្នាលភិក្ខុទាំងឡាយ លុះព្រះយមរាជបានសាកសួរ ដេញដោល សួរឈ្លេចឈ្លី នូវទេវទូតទី៥ នឹងបុរសនោះរួចហើយ ក៏ទ្រង់នៅស្ងៀម
(១) ។
(១) សត្វណា ដែលព្រះយមរាជ គួរសួរដេញដោល អំពីទេវទូត ទាំង៥នោះ សត្វណា ដែលមិនគួរសួរដេញដោល។ សត្វដែលធ្វើបាបកម្មច្រើន ត្រូវទៅកើតក្នុងនរកតែម្តង ព្រះយមរាជមិនបាច់សួរទេ ចំណែកសត្វ ដែលធ្វើបាបកម្មតិច ត្រូវយមរាជសួរដេញដោល អំពីទេវទូត រឿងនេះដូចគ្នានឹងរាជបុរស ដែលចាប់ចោរបាន ព្រមទាំងទ្រព្យជាភស្តុតាង ហើយយកមកដាក់ទោសតែម្តង មិនបាច់ជំនុំជំរះ ចំណែកចោរណា ដែលចាប់បាន ល្មមនឹងសាកសួរ ក៏យកទៅសាលាវិនិច្ឆ័យ ឲ្យសាកសួរមើលសិន។ ពិតមែន សត្វដែលធ្វើបាបកម្មតិច ចួនកាលនឹកឃើញតាមធម្មតាខ្លួនឯង ចួនកាលទាល់តែមានគេរំលឹក ទើបនឹកឃើញ ចំណែកសត្វដែលនឹកមិនឃើញដោយខ្លួនឯង ព្រះយមរាជតែងសួរនូវទេវទូតទាំង៥។ ក្នុងទេវទូតទាំង៥នោះ សត្វខ្លះនឹកឃើញត្រង់ទេវទូតទី១ ខ្លះនឹកឃើញត្រង់ទេវទូតទី២ ឬទី៣ជាដើម ឯសត្វដែលនឹកមិនឃើញ ត្រង់ទេវទូតគ្រប់ទាំង៥នោះ ព្រះយមរាជតែងជួយនឹករកដោយព្រះអង្គឯង បើនឹកទៅឃើញថា មានធ្វើអំពើកុសលខ្លះ ទ្រង់ក៏បំភ្លឺសត្វនោះឲ្យយល់ឡើង បើទ្រង់នឹករកមើលមិនឃើញទេក៏នៅស្ងៀម នឹកក្នុងព្រះហឫទ័យថា ឱសត្វនេះមុខជានឹងបានទុក្ខធំ។ អដ្ឋកថា។
ID: 636847517050514717
ទៅកាន់ទំព័រ៖