ព្រះត្រៃបិដក ភាគ ២៧
[១៨០] ម្នាលភិក្ខុទាំងឡាយ ពួកនិរយបាល ធ្វើនូវកម្មករណ៍ ឈ្មោះ បញ្ចពិធព័ន្ធន៍ (ចំណង៥ប្រការ) ចំពោះបុរសនោះ គឺផ្តេក (បុរសនោះ) ហើយបោះដែកគោលដ៏ក្តៅត្រង់ដៃ (ខាងស្តាំ)១ បោះដែកគោលដ៏ក្តៅ ត្រង់ដៃខាងឆ្វេង១ បោះដែកគោលដ៏ក្តៅ ត្រង់ជើង (ខាងស្តាំ)១ បោះដែកគោលដ៏ក្តៅត្រង់ជើងខាងឆ្វេង១ បោះដែកគោលដ៏ក្តៅចំកណ្តាលទ្រូង១។ បុរសនោះ ក៏រងទុក្ខវេទនាក្លាខ្លាំង ខ្លោចផ្សាក្នុងទីនោះ បើបាបកម្មមិនទាន់អស់ត្រឹមណា ក៏មិនទាន់ស្លាប់ត្រឹមនោះ។
[១៨១] ម្នាលភិក្ខុទាំងឡាយ លុះពួកនិរយបាល ចាប់ផ្តេកបុរសនោះរួចហើយ ទើបចាំងដោយដឹង។ ម្នាលភិក្ខុទាំងឡាយ ពួកនិរយបាល ចាប់បុរសនោះ យកជើងឡើងលើ យកក្បាលចុះក្រោម ហើយច្រាសដោយកាំបិតព្រា។ ម្នាលភិក្ខុទាំងឡាយ ពួកនិរយបាល ទឹមបុរសនោះនឹងរថ ហើយបរទៅ បរមក លើប្រឹថពី ដែលភ្លើងកំពុងឆេះក្តៅសព្វ ភ្លឺច្រាលរន្ទាល សន្ធោសន្ធៅ។ ម្នាលភិក្ខុទាំងឡាយ ពួកនិរយបាល ប្រើបុរសនោះឲ្យឡើងភ្នំ ឲ្យចុះអំពីភ្នំរងើកភ្លើងដ៏ធំ ដែលកំពុងក្តៅសព្វ ភ្លឺច្រាលរន្ទាល សន្ធោសន្ធៅ។
ID: 636847517326690513
ទៅកាន់ទំព័រ៖