ព្រះត្រៃបិដក ភាគ ២៧
[១៨៨] ម្នាលភិក្ខុទាំងឡាយ មានព្រៃស្មៅសសិតធំ តាំងនៅបន្ទាប់គ្នា នឹងព្រៃរកានោះឯង។ បុរសនោះចូលទៅក្នុងព្រៃស្មៅសសិតនោះ។ ខ្យល់បក់ស្លឹកសសិតនោះ មកកាត់ដៃ កាត់ជើង កាត់ទាំងដៃទាំងជើង កាត់ស្លឹកត្រចៀក កាត់ច្រមុះ កាត់ទាំងស្លឹកត្រចៀក ទាំងច្រមុះ (របស់បុរសនោះ)។ បុរសនោះរងទុក្ខវេទនាក្លាខ្លាំង ខ្លោចផ្សា ក្នុងព្រៃសសិតនោះ បើបាបកម្មមិនទាន់អស់ត្រឹមណា ក៏មិនទាន់ស្លាប់ត្រឹមនោះ។
[១៨៩] ម្នាលភិក្ខុទាំងឡាយ មានស្ទឹងទឹកផ្សាដ៏ធំ តាំងនៅបន្ទាប់គ្នា នឹងព្រៃស្មៅសសិតនោះឯង។ បុរសនោះ ក៏ធ្លាក់ទៅក្នុងស្ទឹងនោះ។ បុរសនោះ ចួនកាលអណ្តែតបណ្តោយខ្សែទឹក ចួនកាលអណ្តែតច្រាសខ្សែទឹក ចួនកាលអណ្តែតទាំងបណ្តោយខ្សែទឹក ទាំងច្រាសខ្សែទឹក ក្នុងស្ទឹងនោះ។ បុរសនោះរងទុក្ខវេទនាក្លាខ្លាំង ខ្លោចផ្សាក្នុងស្ទឹងនោះ បើបាបកម្មនោះ មិនទាន់អស់ត្រឹមណា ក៏មិនទាន់ស្លាប់ត្រឹមនោះ។
ID: 636847519377527814
ទៅកាន់ទំព័រ៖