ព្រះត្រៃបិដក ភាគ ២៧
កំពុងនៅ ដោយវិហារធម៌ គឺសមថវិបស្សនានេះ ចិត្តក៏បង្អោនទៅ ដើម្បីវិតក្កៈ (សេចក្តីត្រិះរិះ)។ ភិក្ខុនោះគិតថា វិតក្កៈទាំងឡាយណា ដែលថោកទាប ជារបស់អ្នកស្រុក ជារបស់បុថុជ្ជន មិនប្រសើរ មិនប្រកបដោយប្រយោជន៍ មិនប្រព្រឹត្តទៅ ដើម្បីនឿយណាយ មិនប្រព្រឹត្តទៅដើម្បីប្រាសចាករាគៈ មិនប្រព្តឹត្តទៅ ដើម្បីសេចក្តីរំលត់ទុក្ខ មិនប្រព្រឹត្តទៅ ដើម្បីស្ងប់រម្ងាប់ មិនប្រព្រឹត្តទៅ ដើម្បីដឹង មិនប្រព្រឹត្តទៅ ដើម្បីត្រាស់ដឹង មិនប្រព្រឹត្តទៅ ដើម្បីព្រះនិព្វាន គឺកាមវិតក្កៈ ព្យាបាទវិតក្កៈ វិហឹសាវិតក្កៈ អាត្មាអញ នឹងមិនត្រិះរិះ ដោយវិតក្កៈ មានសភាពយ៉ាងនោះឡើយ។ ភិក្ខុនោះ ជាអ្នកដឹង ក្នុងហេតុនោះ ដោយប្រការដូច្នេះ។ ម្នាលអានន្ទ វិតក្កៈទាំងឡាយណា ដ៏ប្រសើរ ជានិយ្យានិកៈ ដឹកនាំសត្វ តែងដឹងនាំបុគ្គលជាអ្នកធ្វើតាមពុទ្ធវចនៈនោះ ឲ្យអស់ទៅនៃទុក្ខដោយប្រពៃបាន គឺនេក្ខម្មវិតក្កៈ អព្យាបាទវិតក្កៈ អវិហឹសាវិតក្កៈ ភិក្ខុគិតថា អាត្មាអញ នឹងត្រិះរិះនូវវិតក្កៈទាំងឡាយ មានសភាពយ៉ាងនោះឯង។ ភិក្ខុនោះ ជាអ្នកដឹងច្បាស់ ក្នុងហេតុនោះ ដោយប្រការដូច្នេះ។
ID: 636847439975886300
ទៅកាន់ទំព័រ៖