ព្រះត្រៃបិដក ភាគ ២៧
ភិក្ខុនោះ មានចិត្តស្ទុះទៅ ជ្រះថ្លា តាំងនៅស៊ប់ ជឿស៊ប់ ក្នុងអរញ្ញសញ្ញា។ ភិក្ខុនោះ ដឹងច្បាស់ យ៉ាងនេះថា សេចក្តីក្រវល់ក្រវាយទាំងឡាយណា នៅមាន ព្រោះអាស្រ័យគាមសញ្ញា សេចក្តីក្រវល់ក្រវាយទាំងនោះ មិនមានក្នុងទីនេះទេ សេចក្តីក្រវល់ក្រវាយទាំងឡាយណា នៅមាន ព្រោះអាស្រ័យមនុស្សសញ្ញា សេចក្តីក្រវល់ក្រវាយទាំងនោះ មិនមានក្នុងទីនេះទេ តែសេចក្តីក្រវល់ក្រវាយនេះ បែរជានៅមាន គឺនៅមានសភាវៈមួយ ព្រោះអាស្រ័យអរញ្ញសញ្ញា។ ភិក្ខុនោះដឹងច្បាស់ថា ទីនេះ ដល់នូវសេចក្តីសំគាល់ថាសូន្យ ចាកគាមសញ្ញា ដឹងច្បាស់ថា ទីនេះ ដល់នូវសេចក្តីសំគាល់ថាសូន្យ ចាកមនុស្សសញ្ញា។ តែទីនេះ មិនមែនឈ្មោះថាសូន្យទេ គឺនៅមានសភាវៈមួយ ព្រោះអាស្រ័យអរញ្ញសញ្ញា។ ព្រោះហេតុនោះ បើសេចក្តីក្រវល់ក្រវាយណា មិនដែលមាន ត្រង់កន្លែងនោះ ភិក្ខុក៏ពិចារណាឃើញ នូវសេចក្តីក្រវល់ក្រវាយនោះ ថាជារបស់សូន្យ ត្រង់កន្លែងនោះ បើសេចក្តីក្រវល់ក្រវាយណា សេសសល់នៅត្រង់កន្លែងនោះ ភិក្ខុក៏ដឹងច្បាស់ នូវសេចក្តីក្រវល់ក្រវាយ ដែលនៅមាននោះថា សេចក្តីក្រវល់ក្រវាយនេះ នៅមាន។ ម្នាលអានន្ទ ភិក្ខុនោះឯង ឈ្មោះថា មានការកើតឡើង នៃសេចក្តីសូន្យនុ៎ះ ដែលជារបស់ពិត មិនប្រែប្រួល បរិសុទ្ធស្អាត យ៉ាងនេះខ្លះ។
ID: 636847433755070490
ទៅកាន់ទំព័រ៖