ព្រះត្រៃបិដក ភាគ ២៧

ម្នាល​អានន្ទ​ ​មួយទៀត​ ​បើ​ភិក្ខុ​ពិចារណា​ទៅ​ ​ដឹង​យ៉ាងនេះ​ថា​ ​បណ្តា​កាមគុណ​ ​ទាំង៥នេះ​ ​សេចក្តី​ជ្រួលច្រាល់​នៃ​ចិត្ត​របស់​អាត្មាអញ​ ​មិនកើត​ឡើង​ ​ក្នុង​ហេតុ​ជាទី​កើត​នៃ​កិលេស​ ​ចំពោះ​កាមគុណ​ណាមួយ​ទេ​។​ ​ម្នាល​អានន្ទ​ ​កាលបើ​មានហេតុ​យ៉ាងនេះ​ ​ភិក្ខុ​ក៏​ដឹង​យ៉ាងនេះ​ថា​ ​សេចក្តី​ប្រាថ្នា​ណា​ ​ក្នុង​កាមគុណ​ ​ទាំង៥នេះ​ ​សេចក្តី​ប្រាថ្នា​នោះ​ ​អាត្មាអញ​ ​បាន​លះបង់​ហើយ​។​ ​ភិក្ខុ​នោះ​ ​ជា​អ្នកដឹង​ច្បាស់​ ​ក្នុង​ហេតុ​នោះ​ ​ដោយ​ប្រការ​ដូច្នេះ​។​
 [​១៨​]​ ​ម្នាល​អានន្ទ​ ​ឧបាទានក្ខន្ធ​នេះ​ ​មាន៥យ៉ាង​។​ ​ភិក្ខុ​ត្រូវ​ប្រព្រឹត្ត​ ​ដោយ​កិរិយា​ពិចារណា​ឃើញ​ ​នូវ​សេចក្តី​កើត​ ​និង​សេចក្តី​រលត់​ ​ដូច្នេះ​ថា​ ​រូប​ដូច្នេះ​ ​ការ​កើតឡើង​នៃ​រូប​ ​ដូច្នេះ​ ​ការ​វិនាស​ទៅ​នៃ​រូប​ ​ដូច្នេះ​ ​វេទនា​ដូច្នេះ​.​.​.​ ​សញ្ញា​ដូច្នេះ​.​.​.​ ​សង្ខារ​ទាំងឡាយ​ដូច្នេះ​.​.​.​ ​វិញ្ញាណ​ដូច្នេះ​ ​ការ​កើតឡើង​នៃ​វិញ្ញាណ​ដូច្នេះ​ ​ការ​វិនាស​ទៅ​ ​នៃ​វិញ្ញាណ​ ​ដូច្នេះ​។​ ​កាលបើ​ភិក្ខុ​នោះ​ ​ពិចារណា​ឃើញច្បាស់​ ​នូវ​ការ​កើត​ ​និង​ការ​រលត់​ ​ក្នុង​ឧបាទានក្ខន្ធ​ ​ទាំង៥នេះ​ ​ភិក្ខុ​នោះ​ ​រមែង​លះបង់​អស្មិមានះ​ ​ក្នុង​ឧបាទានក្ខន្ធ​ ​ទាំង៥​ ​ចេញ​បាន​។​
ថយ | ទំព័រទី ៣០ | បន្ទាប់
ID: 636847440485945474
ទៅកាន់ទំព័រ៖